កំពង់ធំ ៖ ក្មេងស្រី៤នាក់ជាសិស្សសាលា នៅសាលាអនុវិទ្យាល័យពាមគ្រែង បន្ទាប់ចេញពីសាលារៀនបាននាំគ្នាលេងទឹក​ បណ្តាលឲ្យលង់ស្លាប់ម្នាក់ ចំណែក៣នាក់ទៀតត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចតំបន់កោះតាហែម​ ស្ថិតនៅភូមិអូរសំបួរ​ ឃុំក្តីដូង​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ ។

ក្មេងស្រីលង់ទឹកស្លាប់មានឈ្មោះ ចក់ កញ្ញា អាយុ១៦ឆ្នាំ ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីសិស្សសាលា៤នាក់ បន្ទាប់ចេញពីសាលារៀន បាននាំគ្នាទៅលេងទឹក ដែលជន់លិចតាមផ្លូវ ហើយក្មេងស្រីទាំង៤នាក់ ទៅលេងចំកន្លែងផ្លូវដាច់ ទឹកហូរគួចខ្លាំង ធ្វើឲ្យប៉ើងគួចក្មេងទាំង៤ធ្លាក់ចូលទីទឹកជ្រៅ បណ្តាលឲ្យលង់ ភ្លាមៗត្រូវបានបងប្អូនប្រជាពលរដ្ឋក្បែរនោះឃើញទាន់ ជួយសង្គ្រោះបាន៣នាក់ បាត់ក្មេងស្រីម្នាក់ លង់លិចបាត់ បង្កឲ្យផ្អើលឆោឡោ ពលរដ្ឋ សមត្ថកិច្ច ប្រើប្រាស់ទូក តាមរាវរក អស់រយៈពេល១ម៉ោង នៅវេលាម៉ោង១១និង៣០នាទី បន្ទាប់ ទើបរកឃើញសពក្មេងស្រី ។

សពក្មេងស្រី បន្ទាប់ពីរកឃើញ សមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.