ព្រៃវែង ៖ បុរស២នាក់ជាឪពុកនិងកូន បានស្លាប់ក្នុងអណ្តូងបូបទឹកស្រែប្រាំង ដោយសារថបដង្ហើម គ្រាដែលជនរងគ្រោះចុះទៅរើសកូនសោដែលបានជ្រុះ បង្កឲ្យភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ក្នុងអណ្តូងបូមទឹកស្រែប្រាំង ស្ថិតនៅវាលទំនប់វង់ ភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

សពជនរងគ្រោះទាំង២នាក់ឳពុកកូន ទី១ ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវជាឪពុក ។ ទី២ ឈ្មោះ ពៅ ប៊ុនធឿន ភេទប្រុស អាយុ២៨ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា អណ្តូងបូបស្រែប្រាំងនោះមានជម្រៅ៧ម៉ែត្រ ដាក់លូ១៤កង ហើយមុនកើតហេតុ ជនរងគ្រោះ២នាក់ឪពុកកូនបានទៅបូបទឹកដាក់ស្រែប្រាំង ខណៈពេលដែលកំពុងបូមទឹកនោះ ឪពុកឱនមើលទឹកក្នុងអណ្តូង ហើយក៏ធ្លាក់ជ្រុះកូនសោចូលទៅក្នុងអណ្តូង ទើបជនរងគ្រោះជាឪពុកក៏ចុះទៅក្នុងអណ្តូង គោលបំណងរើសកូនសោ តែដោយសារចុះទៅក្នុងក្រោម អត់មានឧកសុីសែន បណ្តាលឲ្យថប់ដង្ហើមស្លាប់ ឃើញដូច្នោះកូនប្រុសចុះទៅតាមជួយឪពុក ជាអកុសលបានថប់ដង្ហើមស្លាប់ ទាំង២នាក់ឪពុកកូន បង្កឲ្យភ្ញាក់ផ្អើល ។

ក្រោយពីកើតរឿងអកុសលបែបនេះ ផ្អើលអ្នកភូមិ សមត្ថកិច្ច ចុះទៅអន្តរាគមន៍ រកវិធីជួយស្រងជនរងគ្រោះទាំង២នាក់ឡើងគោក ហើយធ្វើការពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷តាងតុងសែនជ័យ

Share.