រូប​ថត​ញ៉ាំ​ចេក​ដែល​ Sandara Park បាន​បង្ហោះ​លើ​ IG របស់​នាង​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ជា​ពិសេស​នោះ​គឺ​អាថ៌កំបាំង​នៅ​ពី​ក្រោយ​រូប​ថត​ញ៉ាំ​ចេក​នេះ​តែ​ម្ដង​។​

«ញ៉ាំ​​ចេក​ផឹក​ទឹក»​ ប្រយោគ​ល្បី​នេះ​ស័ក្តិសម​នឹង​ប្រើ​ជាមួយ​ស្រី​ស្អាត​ Sandara Park ​ណាស់​ ព្រោះ​ថ្មីៗ​នេះ ​រូប​ថត​ដែល​តារា​ចម្រៀង​ល្បី​អតីត​ក្រុម​ 2NE1 បាន​ចែក​រំលែក​លើ​ Instagram របស់​នាង​គឺ​រូប​ភាព​ញ៉ាំ​ចេក​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​នឹង​ក្លាយ​ជា​ដំណឹង​ក្ដៅ​ត្រូវ​បាន​ចែក​រំលែក​ខ្លាំង​លើ​បណ្ដាញ​សង្គម​។​ រូបភាព​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា​ Cute និង​មើល​ទៅ​គួរ​ឱ្យ​ស្រលាញ់​នេះ ​​គឺ​ពិត​ណាស់ ​មាន​អាថ៌​កំបាំង​ដ៏​សំខាន់​មួយ​នៅ​ពី​ក្រោយ​រូបភាព​នោះ​។

តាម​រយៈ​សំណេរ​ក្រោម​រូប​ថត​របស់​នាង​បាន​បង្ហាញ​ថា​ពេល​នេះ​ Sandara កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​តម​អាហារ។ ស្រាប់​តែ​តារា​ចម្រៀង​ Younha បាន​សរសេរ​នៅ​ពីក្រោម​ផុស​របស់​ Sandara Park ថា​៖ ​«ហេតុ​អី​តម​អាហារ​?» សាមី​ខ្លួន​ Sandara បាន​ចូល​មក​ឆ្លើយ​តប​ថា​៖ «ពេល​នេះ​ខ្ញុំ​ឡើង​គីឡូ​។ ម្ហូប​គ្រប់​មុខ​សុទ្ធ​តែ​ឆ្ងាញ់​»។

អតីត​សមាជិក​ 2NE1 ដែល​ជា​​ Girl Group ដ៏​ល្បី​និង​មាន​ឥទ្ធិពល​ក្នុង​ស្រទាប់​យុវវ័យ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​និមិត្ត​សញ្ញា​ស្គម​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​សិល្បៈ​ K-pop ដោយសារ​តែ​នាង​មិន​ដែល​មាន​ឡើង​ទម្ងន់​ទាល់​តែ​សោះ​ចាប់​តាំង​ពី​ហក់​ចូល​ប្រឡូក​ក្នុង​សិល្បៈ​មក​។​​​​

នៅ​ក្នុង​កម្មវិធី​ KBS2’s Problem Child in the House កញ្ញា​ Sandara បាន​រំលឹក​ដល់​អតីតកាល​ដែល​នាង​អាច​រក្សា​គីឡូ​ត្រឹម​៣៨-៣៩ គីឡូ​ដោយ​​មិន​ចាំ​បាច់​តម​អាហារ​ ដោយ​កាល​ណោះ​ទំហំ​សំលៀកបំពាក់​​របស់​នាង​ពាក់​ត្រឹម​លេខ​៣៣ ​(ទំហំ​ស្ត្រី​អាមេរិក​គឺ​លេខ​​ XXS)។ Sandara ចែក​រំលែក​ទៀត​ថា​កាលណោះ​នាង​ពិត​ជា​បារម្ភ​ខ្លាំង​ណាស់​ដែល​នាង​ស្គម​ពេក​ ហើយ​សង្ឃឹម​ថា​នឹង​ឆាប់​បាន​ឡើង​គីឡូ​។

នៅ​ក្នុង​កម្មវិធី​ខាង​លើ​ដដែល​ Sandara បាន​បន្ត​ឱ្យ​ដឹង​ថា​បន្ទាប់​ពី​ស្គាល់​តារា​កំប្លែង​ Kim Sook និង​ Park Na Rae អ្នក​ទាំង​ពីរ​នោះ​ជា​មនុស្ស​ចូលចិត្ត​ញ៉ាំ​ Sandara ស្រាប់​តែ​ឡើងគីឡូ​​ពី​៧​ទៅ​៨​គីឡូ​។ Sandara ក៏​បាន​សារភាព​ក្នុង​កម្មវិធី​Problem Child in the House ដែរ​ថា​នោះ​គឺ​ជា​លើក​ដំបូង​ក្នុង​ជីវិត​ដែល​កញ្ញា​ចាប់​ផ្ដើម​អស់​លុយ​ចូល​ Gym ក្នុង​ឋានៈ​ជា​សមាជិក​ដើម្បី​បញ្ចុះ​គីឡូ​។

រំលឹក​ឡើង​វិញ​ដែរ​ Sandara កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍​និង​តាមដាន​ពី​បណ្ដាញ​សារព័ត៌មាន​ក៏​ដូច​ជា​អ្នក​គាំទ្រ​ដែរ​ នៅ​ពេល​មាន​ដំណឹង​លេច​ឮ​ថា​តារា​រូប​នេះ​នឹង​ចាក​ចេញ​ពី​ផលិតកម្ម YG entertainment ក្រោយ​ស្ថិត​ក្រោម​ដំបូល​ផលិតកម្ម​នេះ​រយៈ​ពេល​១៧​ឆ្នាំ​។​ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​ដំណឹង​ណា​លេច​ឮ​មក​ទៀត​នៅ​ឡើយ​ទេ​៕

Telegram-Troryorng
Share.