អង្គការសុខភាពពិភពលោក (WHO) និង មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្កា និង គ្រប់គ្រងជំងឺឆ្លង (ECDC) បានឲ្យដឹងកាលពីថ្ងៃ ពុធ សប្ដាហ៍នេះថា រលកមួយទៀតនៃការឆ្លងជំងឺកូវីដ១៩ ប្រហែលជាបានចាប់ផ្ដើមនៅក្នុងទ្វីបអឺរ៉ុប នៅពេលដែលករណីចាប់ផ្ដើមរាលដាលពាសពេញតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២២។

លោកស្រី Andrea Ammon នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្កា និង គ្រប់គ្រងជំងឺឆ្លង និង លោក Hans Kluge នាយកប្រតិបត្តិការប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក បានថ្លែងក្នុងរបាយការណណ៍រួមថា «ទោះបីជាយើងនៅមិនទាន់ប្រាកដថាតំបន់របស់យើង កំពុងស្ថិតក្នុងស្ថានការណ៍ដូចកាលពីឆ្នាំមុនក៏ដោយ ប៉ុន្ដែវាច្បាស់ណាស់ថា ជំងឺរាតត្បាតកូវីដ១៩ នៅមិនទាន់ចប់ឡើយ។ ជាអកុសល យើងកំពុងតែមើលឃើញនូវសូចនាករនៃការកើតឡើងម្ដងទៀត ក្នុងតំបន់អឺរ៉ុបដែលបង្ហាញថា រលកនៃការឆ្លងថ្មីមួយទៀតបានចាប់ផ្ដើមហើយ»។

ទិន្នន័យតាមតំបន់របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា មានតែអឺរ៉ុបប៉ុណ្ណោះដែលបានកត់ត្រាការកើនឡើងនៃករណីឆ្លងកូវីដ១៩ គិតត្រឹមថ្ងៃទី២ ខែ តុលា នេះ ដោយបានកើនឡើង ៨ភាគរយ ពីសប្ដាហ៍មុន។

អ្នកជំនាញផ្នែកសុខភាសាធារណៈបានព្រមានថា ភាពចុះខ្សោយនៃការដំណើរការចាក់វ៉ាក់សាំង និង ការច្របូលច្របល់លើប្រភេទវ៉ាក់សាំង ទំនងជាកំណត់ការបង្កើនប្រសិទ្ធភាពក្នុងតំបន់។

យ៉ាងណាម៉ិញ អង្គការសុខភាពពិភពលោក និង មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្កា និង គ្រប់គ្រងជំងឺឆ្លង បានកត់សម្គាល់ថា មនុស្សរាប់លាននៅទូទាំងទ្វីបអឺរ៉ុបនៅតែមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩ នោះទេ។

សូមជម្រាបថា WHO និង ECDC បានជំរុញឲ្យបណ្ដាប្រទេសអឺរ៉ុប គ្រប់គ្រងទាំងថ្នាំបង្កាជំងឺគ្រុនផ្ដាសាយ មុនពេលមានការកើនឡើងនៃការឆ្លងជំងឺផ្ដាសាយតាមរដូវ រួមទាំងការឆ្លងជំងឺកូវីដ១៩ រលកថ្មីមួយផ្សេងទៀត៕

ប្រភព៖ Reuters

Share.