វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់ AFC Cup 2022 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) សម្រេច​ជ្រើសរើស​យក​ទីក្រុង​កូឡាឡាំពួរ ជា​ទីកន្លែង​ប្រកួត ហើយ​ថែម​ទាំង​ត្រៀម​ប្រើប្រាស់​​​វីដេអូ​ជំនួយការ​អាជ្ញាកណ្ដាល (VAR) ទៀត​ផង។

សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ខែ​តុលា ឆ្នាំ​២០២២ លើ​ទីលាន​កីឡដ្ឋាន Bukit Jalil National Stadium ដោយ​ក្រុម Kuala Lumpur City របស់​ម៉ាឡេស៊ី ប៉ះ​ក្រុម Al-Seeb របស់​អូម៉ង់។

ពានរង្វាន់​AFC Cup បាន​ធ្វើការ​ប្រកួត​ជម្រុះ​​ក្នុង​ចំណោម​ក្រុម​៤៤​មក​ពី​២៧​សហព័ន្ធ​​សមាជិក​ក្នុង​ទ្វីប​តាំង​ពី​ថ្ងៃ​ទី​​៥​ខែ​មេសា ឆ្នាំ​២០២២ មក​ ដោយ​មាន​ក្រុម​ចូលរួម​​ពី​៥​តំបន់​ក្នុង​ទ្វីប​រួម​មាន៖
-អាស៊ី​ខាង​លិច៖ ១២​ប្រទេស
-អាស៊ីខាងត្បូង៖ ៧ប្រទេស
-អាស៊ីកណ្ដាល៖៦ប្រទេស
-អាស៊ី​អាគ្នេយ៍ (អាស៊ាន)៖ ១២​ប្រទេស
-អាស៊ី​ខាង​កើត៖ ១០​ប្រទេស

​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី លើកពានពីឆ្នាំ២០១៥

ក្រុម​Al-Kuwait របស់​គុយវ៉ែត និង​ក្រុម Al-Quwa Al-Jawiyaរបស់​អ៊ីរ៉ាក់ ជា​អ្នក​ឈ្នះ​ពានរង្វាន់ AFC Cup បាន​ច្រើន​ជាង​គេ គិត​ចាប់​តាំង​ពី​ពានរង្វាន់​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​២០០៤ មក។ ចំណែក​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី ជា​ក្រុម​តំណាង​តំបន់​អាស៊ាន តែ​គត់​ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ​គឺ​នៅ​ឆ្នាំ​២០១៥។

សម្រាប់​ឆ្នាំ​២០២២ នេះ​ក្រុម​ឈ្នះ​ជើង​ឯក​នឹង​ទទួល​បាន​ថវិកា​ចំនួន​១លាន​៥សែន​ដុល្លារ​អាមេរិក ហើយ​ក្រុម​ជើង​ឯក​រង​ទទួល​បាន​៧៥​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​ក្រុម​ជើង​ឯក​តាម​តំបន់ (Zone) នីមួយៗ​ទទួល​បាន​ទឹក​ប្រាក់ ១០ម៉ឺន​ដុល្លារ​អាមេរិក៕

Share.