កោះកុង ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្រែអំបិលធ្វើការឃាត់ខ្លួន យោងតាមបណ្តឹង បន្ទាប់ពីស្គាល់ សុំស្នេហា ល្បួងនាំក្មេងស្រី ជាអនីតជនទៅរួមភេទបានសម្រេចចំនួន៣ដង បែកធ្លាយរឿង ខាងស្រីដឹងប្តឹងចាប់ខ្លួនកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅបន្ទប់ជួល ស្ថិតក្នុង ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

ជនសង្ស័យឈ្មោះ វី សៀងអុី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។ ចំណែកក្មេងស្រីជាអនីតិជន ឈ្មោះ ឡ ស ប អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនិងក្មេងស្រីរងគ្រោះ ស្គាល់គ្នាតាមរយៈលេងហ្វេសប៊ុក សុំស្គាល់ សុំស្រឡាញ់ រហូតល្បួងហៅនាំក្មេងស្រីទៅស្នក់នៅបន្ទប់ជួលនៅចំណុចកើតហេតុ ហើយរួមភេទ បានសម្រេចចំនួន៣ដង ។

ប្រភពបន្តទៀតថា ក្រោយពីបាត់កូនស្រីពីផ្ទះ ឪពុកម្តាយព្យាយាមតាមស្វែងរក ទីបំផុតរកឃើញកំពុងស្នាក់នៅបន្ទប់ជួលចំណុចខាងលើ ប្តឹងសមត្ថកិច្ចចាប់ខ្លួន កហរោមការចោទប្រកាន់ រួមភេទជាមួយអនីតិជន ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាំទៅសាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.