សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ ទី២១ បាន​ប្រកាស​ពី​ការ​បញ្ចប់​ការ​សិក្សា និងហ្វឹក​ហាត់​​របស់​យុវជន​ចំនួន៩​នាក់ នៅ​មជ្ឈមណ្ឌល និងសាលា​កីឡាបាល់​ទាត់​ជាតិ បាទី គឺ​មានន័យ​ថាពួកគេដល់ពេល​វេលា ដែលត្រូវ​ប្រើចំណេះ​ និងជំនាញ​នៅ​ក្នុង​អាជីព​ជា​អ្នកបាល់​ទាត់​ជា​ផ្លូ​វ​ការ​។

តាម​រយៈការ​ប្រកាសព័ត៌​មាន កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ FFC បាន​បញ្ជាក់​ថា កីឡាករ យ៉ង់ ភូមិន្ទ, អ៊ាវ សុវណ្ណរ៉ា, ហួត វ៉ាន់ណេត, ម៉េង សុភា និង សួន សាវឌី, រ៉េត លីហេង, ឃាន់ សុបិន, ហេង សុវណ្ណបញ្ញា និង ចាន់វិបុល ដាវីឌ ដែលបាន​ក្រេបជញ្ជក់​ចំណេះ​​ដឹង​ទាំង​ផ្នែក​ការ​សិក្សា​រៀន​សូត្រ និង​ជំនាញ​បាល់​ទាត់ អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​មជ្ឈ​មណ្ឌល និងសាលា​កីឡាបាល់​ទាត់​ជាតិ នោះបានបញ្ចប់​ការសិក្សា​ និងការ​ហ្វឹក​ហាត់ជា​ផ្លូវការ​។

ជាមួយគ្នានេះសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) បាន​ជូនដំណឹង​ដល់ក្លិប-សមាគមបាល់​ទាត់ ​ជា​សមាជិក​របស់​សហ​ព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ដែលមានបំណង​ចង់​បាន​អ្នកទាំង​៩​នាក់នេះ យក​ទៅ​លេង​ឱ្យក្លិប ឬ​សមាគម​របស់​ខ្លួន សូមទាក់ទង​មក​សហព័ន្ធ៕

Share.