សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានប្រកាសថានឹងរៀបចំប្រើប្រាស់ វីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) នៅក្នុងការប្រកួតបាល់ទាត់លីគកំពូល Singapore Premier Leagueរបស់ខ្លួន ចាប់ពីរដូវកាលឆ្នាំ២០២៣ តទៅ ខណៈប្រទេសមួយនេះជាប្រទេសទី៣ ហើយនៅក្នុងតំបន់អាស៊ាន ប្រកាសពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបមួយនេះ។
គេហទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់សិង្ហបុរី បញ្ជាក់ថាក្រៅពីប្រទេសខ្លួនជាប្រទេសទី៣ ប្រើប្រាស់ VAR នៅក្នុងការប្រកួតលីគកំពូល ប្រទេសនេះក៏ជាប្រទេសទី១១ក្នុងទ្វីបអាស៊ី ដែលប្រើប្រាស់ VAR ផងដែរ។
នាយកផ្នែកអាជ្ញាកណ្ដាលបាល់ទាត់ប្រចាំសហព័ន្ធ លោក Nazeer Hussainបានបញ្ជាក់ថាត្រូវការពេលពី១២ទៅ១៨ខែ អាស្រ័យលើកម្មវិធីជំនួយ និងការអនុញ្ញាតិពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ លោកបានថ្លែងអំណរគុណដល់ក្រុមអាជ្ញាកណ្ដាល និងមន្រ្តីរបស់សហព័ន្ធ ដែលរួមគ្នារហូតទទួលបានលទ្ធផលជាផ្លែផ្កានេះឡើង។
លោក Nazeer Hussain បញ្ជាក់ថា៖«បច្ចុប្បន្នយើងដល់ដំណាក់កាលទី៣ ក្នុងចំណោមដំណាក់កាលទាំង៥ នៃការកំណត់ស្តង់ដារ VAR របស់ FIFA ដោយផ្ដោតលើការរៀបចំនិងបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងបច្ចេកវិទ្យារបស់ VAR។ អ្វីៗរលូនដូចការរៀបចំ ហើយយើងកំពុងតែរៀបចំកាលវិភាគជាក់លាក់មួយសម្រាប់ការចុះមកត្រួតពិនិត្យរបស់មន្ត្រី FIFA ក្នុងការវាយតម្លៃពីវឌ្ឍនភាពរបស់យើងនិងអនុម័តការប្រើប្រាស់ VAR នៅទីនេះ គឺប្រទេសសិង្ហបុរី យើង»។
«អ្វីៗគឺបានរៀបចំស្ទើរតែរួចរាល់អស់ហើយ។ ប៉ុន្តែបើអ្វីៗដូចតាមការគ្រោងទុកនោះយើងមានជំនឿចិត្តថា VAR នឹងប្រើប្រាស់ក្នុងការប្រកួតពានរង្វាន់លីគកំពូលសិង្ហបុរី Singapore Premier League នៅរដូវកាលក្រោយ»។ លោក Nazeer Hussain បន្ថែម។
ប្រទេសសិង្ហបុរី មានអាជ្ញាកណ្តាលម្នាក់បានបង្ហាញខ្លួនជាមន្រ្តីអាជ្ញាកណ្ដាលផ្នែក VAR ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុន កន្លងទៅ ហើយលោកក៏មានឈ្មោះទៅចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក 2022 FIFA World Cup Qatar នៅចុងឆ្នាំ២០២២ នេះផងដែរ។
ពានរង្វាន់លីគកំពូលសិង្ហបុរី មានសមាជិកចំនួន៨ក្រុម ខណៈប្រទេសអាស៊ានមួយនេះមានកូតា ទាំងក្នុងពានរង្វាន់ AFC Champions League និងពានរង្វាន់ AFC Cup ផងដែរ។ ប៉ុន្តែរដូវកាលឆ្នាំ២០២៣ ខាងមុខនឹងកើតសមាជិក៩ក្រុម ក្រោយការត្រឡប់មកវិញរបស់ក្រុម DPMM របស់ប្រទេសប្រ៊ុយណេ។
ដូច្នេះប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ដែលត្រូវប្រើប្រាស់ VAR ក្នុងការប្រកួតបាល់ទាត់នៅលីគកំពូលរបស់ខ្លួនមានលីគកំពូលប្រទេសថៃ លីគកំពូលប្រទេសវៀតណាម និង លីគកំពូលប្រទេសសិង្ហបុរី៕