យុវជន សួន សាវឌី កើតនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០០៥ កីឡាកររូបនេះជាអតីតកីឡាករនៃសាលាបាល់ទាត់តម្រង់ទិសខេត្តកំពតអាយុក្រោម ១៥ឆ្នាំ បានធ្វើតេស្តជាប់សាលាបាល់ទាត់ជាតិបាទីកាលពីដើមឆ្នាំ២០២០ និងបានហ្វឹកហាត់នៅទីនោះគិតមកដល់ពេលនេះអស់រយៈពេលជិត៣ឆ្នាំមកហើយ។ 

ថ្មីៗនេះយុវជន សួន សាវឌី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ជាតិបាទីប្រកាសការសិក្សា ត្រូវបានបញ្ចប់ក្នុងចំណោម ៩នាក់ ដោយផ្តល់ឱកាសអោយចូលរួមក្លិបណាមួយដែលសាកសម។ ខណៈពេលដែលសាមីខ្លួនកំពុងរង់ចាំការចរចាពីបណ្តាក្លិបអាជីពសម្រេចវាសនារបស់ខ្លួន។ 

ក្រៅពី សួន សាវឌី ក៏មានកីឡាករផ្សេងទៀតដូចជា យ៉ង់ ភូមិន្ទ, អ៊ាវ សុវណ្ណរ៉ា, ហួត វ៉ាន់ណេត, ម៉េង សុភា, រ៉េត លីហេង, ឃាន់ សុបិន, ហេង សុវណ្ណបញ្ញា និង ចាន់វិបុល ដាវីឌ ដែលបាន​ក្រេបជញ្ជក់​ចំណេះ​​ដឹង​ទាំង​ផ្នែក​ការ​សិក្សា​រៀន​សូត្រ និង​ជំនាញ​បាល់​ទាត់ អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​មជ្ឈ​មណ្ឌល និងសាលា​កីឡាបាល់​ទាត់​ជាតិ នោះបានបញ្ចប់​ការសិក្សា​ និងការ​ហ្វឹក​ហាត់ជា​ផ្លូវការ​។

គួរបញ្ជាក់ផងដែរថា កីឡាករ សួន សាវឌី ជាយុវជនកើតចេញពីការបណ្តុះបណ្តាលចេញពីថ្នាលយុវជនរបស់សាលាតម្រង់ទិសខេត្តកំពត។ នេះជាមោទនភាពមួយសម្រាប់ខេត្តកំពតដែលមានកីឡាករល្អកើតចេញពីថ្នាលយុជន និងមានឱកាសចូលរួមហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីអភិវឌ្ឍន៍ខ្លួន ថ្វីត្បិតសាលាតម្រង់ទិសខេត្តកំពតមិនទាន់ជោគជ័យក្នុងពានរង្វាន់ជើងឯកយុវជន ប៉ុន្តែនេះជាការជោគជ័យមួយដ៏ធំសំរាប់សាលាតម្រង់ទិសខេត្តកំពតដែលបានដុសខាត់យុវជនអោយមានសមត្ថភាពជាធនធានជួយអភិវឌ្ឍន៍ដល់កីឡាកម្ពុជា។

ជាមួយគ្នានេះសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) បាន​ជូនដំណឹង​ដល់ក្លិប-សមាគមបាល់​ទាត់ ​ជា​សមាជិក​របស់​សហ​ព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ដែលមានបំណង​ចង់​បាន​អ្នកទាំង​៩​នាក់នេះ យក​ទៅ​លេង​ឱ្យក្លិប ឬ​សមាគម​របស់​ខ្លួន សូមទាក់ទង​មក​សហព័ន្ធ៕

 

Share.