ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup ឆ្នាំ​២០២២ រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ ក្រោយ​ប្រកួត​ជម្រុះ​ពី​ខែ​​មេសា ក្នុង​ចំណោម​ក្លិប​៤៤ មក​ពី​២៧​សហព័ន្ធ ជុំ​វិញ​ទ្វីប​មក ខណៈ​​ម្ចាស់​ជើង​ឯក​ឆ្នាំ​នេះ​បាន​ទៅ​ក្លិប​មក​ពី​ប្រទេស​អូម៉ង់ ហើយ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្លិប​​របស់​​ប្រទេស​អូម៉ង់ ឈ្នះ​ជើង​ឯក​តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ក្នុង​​ឆ្នាំ​ ២០០៤ មក។

លទ្ធផល​វគ្គ​ផ្ដាច់ព្រ័ត្រ AFC Cup 2022 ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន ​Bukit Jalil National Stadium ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្រុម​Al-Seeb របស់​អូម៉ង់ បាន​យក​ឈ្នះ​ក្រុម Kuala Lumpur City របស់​ម៉ាឡេស៊ី ដោយ​លទ្ធផល ៣ទល់០ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​តុលា ឆ្នាំ​២០២២។

ម្ចាស់​គ្រាប់​បាល់​ជ័យជម្នះ​ទាំង​៣គ្រាប់​របស់ Al-Seeb រក​បាន​ដោយ​កីឡាករ Al-Busaidi នៅ​នាទី ២២ កីឡាករ Al-Muqbalj នៅ​នាទី​៣៧ និង​កីឡាករ Al-Ghassani នៅ​នាទី​៦៩ ខណៈ​ការ​ប្រកួត​នេះ​ដឹកនាំ​ដោយ​លោក​អាជ្ញាកណ្ដាល Shaun Evans ជនជាតិ​អូស្រ្តាលី ក្រោម​ក្រសែ​ភ្នែក​ទស្សិនជន​ចូល​ទស្សនា​ផ្ទាល់ ២៧,៧២២នាក់។

១៩​ឆ្នាំ​នៃ​ពានរង្វាន់ AFC Cup ដំណើរការ​មក​នេះ ក្រុម​ Al-Kuwait របស់​គុយវែត និង​ក្រុម Al-Quwa Al-Jawiya ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​ស្មើ​គ្នា ពោល​គឺ​៣លើក​ម្នាក់។ ចំណែក​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី ជា​ក្រុម​តែ​មួយ​គត់​របស់​អាស៊ាន ដែល​ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ គឺ​នៅ​ឆ្នាំ​២០១៥៕

Share.