ភាពស្រស់ស្អាតរបស់នារីៗ គឺតែងតែយកចិត្តទុកដាក់ចំពោះរឿងសក់ ចិញ្ចើម បបូរមាត់ និងស្បែក។ នេះជាហេតុផលមួយដែលធ្វើឱ្យកូនខ្មែរមួយរូបដែលជាអ្នកជំនាញផ្នែកសិល្បៈប៉ាក់ចិញ្ចើម សម្រេចចិត្តហោះទៅបារាំងក្រេបជញ្ជក់បទពិសោធថ្មីឱ្យកាន់តែស្ទាត់ជំនាញ ដើម្បីនាំស្ទាលយ៍ថ្មីមកបម្រើជូនមហាជនក្នុងស្រុកវិញ។

លោក យូ ឌីម៉ង់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកនៅពីក្រោយភាពស្រស់ស្អាតរបស់តារាសិល្បៈល្បីៗប្រចាំប្រទេសកម្ពុជា និងជាអ្នកជំនាញផ្នែកសិល្បៈប៉ាក់ចិញ្ចើមម្នាក់ បានឱ្យអ្នកសារព័ត៌មានត្រយងដឹងថា៖ លោកសង្កេតឃើញ ក្នុងជំនាញសិល្បៈប៉ាក់ផ្លុំចិញ្ចើមបបូរមាត់នេះ មិនទាន់មានអ្នកណាមានចំណាប់អារម្មណ៍ ទៅរៀនផ្នែកនេះនៅប្រទេសបារាំងទេ បើមានគឺមានត្រឹមប្រទេសជិតខាងប៉ុណ្ណោះ ដូច្នេះហើយទើបលោក សម្រេចចិត្តធ្វើដំណើរ ទៅរកបទពិសោធន៍ថ្មីនិងស្ទាលយ៍ប្លែកៗ ខាងប៉ែកអឺរ៉ុប ដើម្បីមកបំពេញបំណងចិត្តអ្នកនិយមភាពស្រស់ស្អាតផ្នែកប៉ាក់ចិញ្ចើមនេះ។

បើតាមគេចាំ អ្នកជំនាញឯកទេសរូបនេះធ្លាប់បានបញ្ចប់ការសិក្សាជំនាញខាងលើពីប្រទេសថៃម្ដងរួចមកហើយ ដែលកាលណោះ លោកប្រឹងប្រែងធ្វើការសន្សំលុយពីអាជីពផាត់មុខឱ្យតួ និងជួយបងស្រីដែលមានហាងផ្ទាល់ខ្លួន។ ការតស៊ូរបស់លោកពិតជាបានទទួលជោគជ័យរហូតដល់លោកមានហាងផ្ទាល់ខ្លួនដូចសព្វថ្ងៃនេះមានឈ្មោះថា DIMANG BROWS ។ ចំពោះការបន្ថែមចំណេះដឹងថ្មីនេះ លោកថា លោកត្រូវចំណាយលុយច្រើន រហូតដល់ខ្ទង់ម៉ឺនដុល្លារក្នុងការទៅសិក្សាពីប្រទេសបារាំង។

មិនខុសអីពីខ្សែភាពយន្តអប់រំជីវិត លោក យូ ឌីម៉ង់ គឺជាក្មេងកំព្រាម្នាក់ដែលធ្លាប់តែទូលនំលក់តាមសាលារៀន ដើម្បីយកប្រាប់មកបំពេញការសិក្សារបស់ខ្លួន។ ក្នុងជីវិតរបស់លោក មិនសូវមានភាពកក់ក្ដៅពីឪពុកម្ដាយនោះទេ ដោយសារតែលោកទាំងពីរបានចាកចោលលោកតាំងពីវ័យ ៧ឆ្នាំមកម្ល៉េះ។ ក្មេងកំព្រារូបនេះមិនបាក់ទឹកចិត្តម្ដងឡើយ លោកប្រឹងប្រែងតស៊ូរៀនរហូតដល់ចប់ថ្នាក់ទី ១២ ថែមទាំងបន្តការសិក្សាដល់ថ្នាក់បរិញ្ញាប័ត្រឆ្នាំទី២។ ដោយសារវិថីជីវិតមានផ្លូវរដាក់រដុបច្រើនបណ្ដាលឱ្យ ឌីម៉ង់ ត្រូវដួលងើបៗ ប៉ុន្តែលោកមិនអស់សង្ឃឹមឡើយ ហើយទីបំផុតលោកបានរកឃើញពន្លឺជីវិតថ្មីគឺសម្រេចចិត្តចាប់យកអាជីពជាអ្នកផាត់មុខតែម្ដង ប៉ុន្តែលោកនៅតែមិនចោលចិត្តចង់សិក្សាចេញពីខ្លួននោះឡើយ។

ទោះសព្វថ្ងៃនេះលោកមានរបរខ្លួនឯងក៏ដោយក្ដី ប៉ុន្តែការចេះចង់ដឹងនៅតែនាំមុខក្នុងចិត្តលោកជានិច្ច រហូតលោកសម្រេចចិត្តថា លោកត្រូវតែបន្តការសិក្សាលើជំនាញសិល្បៈប៉ាក់ចិញ្ចើមនៅប្រទេសបារាំងតែម្ដង។ នេះគឺជាគំរូល្អមួយសម្រាប់ប្រិយមិត្តអ្នកអាន ព្រោះ លោក យូ ឌីម៉ង់ មិនបានដេកដួលជាមួយនឹងព្រហ្មលិខិតឡើយ ថ្វីតែជាកើតមកជាកូនកំព្រាគ្មានមេបាពិតមែន ប៉ុន្តែលោកអាចចិញ្ចឹមជីវិតខ្លួនបាន និងអភិវឌ្ឍខ្លួនរហូតក្លាយជាបុគ្គលជោគជ័យម្នាក់ក្នុងសង្គម ដែលយើងគ្រប់គ្នាមិនគួរមើលរំលង៕

Share.