ថ្លែងនាឱកាសមហាសន្និបាតសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB រៀបចំនៅប្រទេសអាហ្វ្រឹកខាងត្បូង ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់អំពីដំណើរឈានទៅបន្តរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម បានប្រើវេទិកាមហាសន្និបាតនេះ ស្នើ A-WEB បញ្ជូនគណៈប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។

ក្រោយដឹកនាំប្រតិភូ គ.ជ.ប មាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ឯកឧត្តម​ ឌឹម សុវណ្ណារុំ បានបញ្ជាក់ប្រាប់សារព័ត៌មានត្រយងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះថា «ជាលទ្ធផល ថ្នាក់ដឹកនាំកំពូលរបស់ A-WEB បានទទួលយកសំណើរនេះ ស្របនឹងផែនការការងាររបស់សមាគម A-WEB សម្រាប់ឆ្នាំ២០២៣ ក្នុងរបៀបវារៈនៃកិច្ចប្រជុំមហាសន្និបាតលើកទី៥ដែលចែងថា គម្រោងសំខាន់ៗក្នុងឆ្នាំ២០២៣ គឺគាំទ្រការកសាងសមត្ថភាពរបស់សមាគម តាមរយៈកម្មវិធីសង្កេតការណ៍បោះឆ្នោត និងកិច្ចប្រឹក្សាយោបល់របស់សមាគម A-WEB»។

សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក មានសមាជិកជាស្ថាប័នរៀបចំការបោះឆ្នោតចំនួន១២៣ស្ថាប័ន មកពីប្រទេសចំនួន១១៣នៅជុំវិញពិភពលោក។ កម្ពុជាបានចូលជាសមាជិក ស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ក្រោយពីមានជំនួបពិភាក្សារវាងប្រធាន គ.ជ.ប និងអគ្គលេខាធិការ A-WEB កាលពីឆ្នាំ២០១៧។ មហាសន្និបាត លើកទី៥ របស់A-WEB រៀបចំនៅអាហ្វ្រិកខាងត្បូងនាឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ «កិច្ចការពារស្ថាប័នគ្រប់គ្រងការបោះឆ្នោតក្នុងសម័យកាលដែលលទ្ធិប្រជាធិបតេយ្យសកលលោកមានការធ្លាក់ចុះ»។

បើតាមអ្នកនាំពាក្យ គ.ជ.ប ដដែល ក្នុងមហាសន្និបាត និងសន្និសីទអន្តរជាតិនោះដែរ ក៏មានការលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងបរិបទនៃការលំបាកបង្កឡើងដោយជំងឺកូវីដ-១៩។ «ស្ថាប័នរៀបចំការបោះឆ្នោតពិភពលោកក៏បានចាប់អារម្មណ៍ គ.ជ.ប ដែលកម្មក្នុងការផ្ដល់អត្ថបទជាភាសាអង់គ្លេសជាប្រចាំដើម្បីចែករំលែកព័ត៌មានពីរឿងបោះឆ្នោត»នេះជាការបន្ថែមរបស់ឯកឧត្តម ឌឹម សុវណ្ណារុំ៕

Share.