ភ្នំពេញ ៖ បុរសម្នាក់កំពុងដេករង់ចាំក្មួយ ដែលដេកសម្រាកព្យាបាលនៅខាងក្នុងមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានជនសង្ស័យគ្នា២នាក់ ជិះម៉ូតូទៅវាយដណ្តើមយកទូរស័ព្ទដៃ ស្បែកជើង បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ យឹម ច័ន្ទណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ រូង ឃុំ ក្រាំងលាវ ស្រុក បាទី ខេត្ត តាកែវ ។ ទូរស័ព្ទដែលជនសង្ស័យយកទៅបាត់ ម៉ាកReal me និងស្បែកជើងមួយគូ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និងបងប្រុស បាននាំក្មួយទៅសម្រាលព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។លុះដល់យប់ឡើង បងប្រុសចូលទៅដេកកំដរកូននៅខាងក្នុងមន្ទីរពេទ្យ ចំណែកជនរងគ្រោះដេកលើបង់ ខាងមុខមន្ទីរពេទ្យ ស្រាប់តែនៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ខណៈដែលកំពុង់ដេកលង់លក់ មានជនសង្ស័យទៅលួចយកទូរស័ព្ទដៃទៅបាត់ ដឹងខ្លួន ជនសង្ស័យជិះម៉ូតូគេចទៅបាត់ ស្រាប់តែមួយសន្ទុះក្រោយមក ជនសង្ស័យទៅលួចយកស្បែកជើងម្តងទៀត រត់ដេញតាមដណ្តើមយកវិញ ប្រតាយប្រតប់គ្នា ដោយជនសង្ស័យប្រើប្រាស់កន្ត្រៃចាក់លើជនរងគ្រោះ បណ្តាលឲ្យរបួសមុតដៃ ហើយជិះម៉ូតូគេចខ្លួនទៅបាត់ ។

បន្ទាប់ពីផ្អើលឆោឡោ ដោយមានជនសង្ស័យគ្នា២នាក់ជិះម៉ូតូទៅលួច វាយយកទូរស័ព្ទដៃ ស្បែកជើងរបស់បុរសម្នាក់ ជាអ្នកដេករងចាំក្មួយសម្រាកនៅមន្ទីរពេទ្យ គេឃើញមានសមត្ថកិច្ចចុះទៅសាកសួរដល់ទីតាំងខាងលើ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវ រកជនសង្ស័យ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.