ប៉ូលីសបាននិយាយថា មនុស្ស ៣នាក់បានស្លាប់ និង ២នាក់ទៀតរងរបួស បន្ទាប់ពីប៉ូលីសប្រដាប់អាវុធបានអន្តរាគមន៍នៅក្នុងការបាញ់ប្រហារមួយ ដែលបង្កឡើងដោយការឈ្លោះប្រកែកគ្នារវាងបុរសម្នាក់ និង ឪពុករបស់ខ្លួន នៅភាគកណ្ដាលប្រទេសអេស្ប៉ាញ កាលពីថ្ងៃ ពុធ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ តុលា ឆ្នាំ ២០២២។

អ្នកនាំពាក្យប៉ូលីសបានប្រាប់ទីភ្នាក់ងារ Reuters ថា ខ្មាន់កាំភ្លើង និង ប៉ូលីសម្នាក់ ត្រូវបានបាញ់សម្លាប់ នៅផ្ទះមួយកន្លែងក្នុងភូមិមួយមានចម្ងាយប្រហែល ២៣០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Madrid។

ឧបទ្ទវហេតុនេះផ្ដើមចេញពីជម្លោះក្នុងគ្រួសាររវាងខ្មានកាំភ្លើងអាយុ ៥០ឆ្នាំ និង ឪពុកអាយុ ៨១ឆ្នាំ ប៉ុន្ដែប៉ូលីសមិនបានបង្ហាញប្រាប់ពីអត្តសញ្ញាណរបស់អ្នកទាំងអស់នេះទេ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅពេលដែលអ្នកជិតខាង ដែលជាប៉ូលីសព្យាយាមអន្តរាគមន៍ ហើយខ្មាន់កាំភ្លើងក៏ចាប់ផ្ដើមបាញ់។

ក្រុមប្រតិបត្តិការពិសេសមកពីទីក្រុង Ciudad Real ត្រូវបានគេហៅចូលអន្តរាគមន៍ ហើយបានបាញ់សម្លាប់ខ្មាន់កាំភ្លើងនោះតែម្ដង។

ប៉ូលីសម្នាក់ទៀតត្រូវបានបាញ់ចំជើង ខណៈមន្រ្តីម្នាក់ផ្សេងទៀតរងរបួសដោយគ្រាប់កាំភ្លើង ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ក្រុមមន្រ្តីប៉ូលីសក្នុងទីក្រុងបាននិយាយថា ឪពុកវ័យ ៨១ឆ្នាំនោះ បានរត់គេចខ្លួនដោយមានស្នាមរបួសលើរាងកាយ។

សូមជម្រាបថា ឧក្រិដ្ឋកម្ម ជាពិសេសអំពើហិង្សាដោយកាំភ្លើង គឺកម្រមានណាស់នៅប្រទេសអេស្ប៉ាញ។ យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា អត្រាឧក្រិដ្ឋកម្មរបស់ប្រទេសនេះបានធ្លាក់ចុះ ១១ភាគរយ ក្នុងឆ្នាំ ២០២១ ដោយរាប់ចាប់ពីឆ្នាំ ២០១៩។ ដោយឡែកនៅឆ្នាំ ២០២០ គឺជា ឆ្នាំដែលប្រទេសនៅទូទាំងពិភពលោកកំពុងជួបប្រទះនូវជំងឺរាតត្បាតកូវីដ១៩ ដូច្នេះឧប្បត្តិហេតុនៃឧក្រិដ្ឋកម្មគឺកម្រកើតមានណាស់៕

ប្រភព៖ CNA

Share.