ការប្រកួតវគ្គ ៤ក្រុមចុងក្រោយ(Top-4) នៃពានរង្វាន់ Cambodian Premier League 2022 នឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី៣ កាលពីថ្មីៗ ពោលគឺមុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ (ថ្នាក់ជាតិ) ឆ្នាំ២០២២ មួយសប្ដាហ៍។

ស្របជាមួយគ្នា លោក មាស ចាន់ណា គ្រូបង្វឹកក្លិបកីឡាបាល់ទាត់ វិសាខា បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតដ៏សំខាន់ នៃពានរង្វាន់ទាំងពីរ ដ្បិតវិសាខា សុទ្ធតែមានអាទិភាពខ្ពស់ ដើម្បីប្រជែងយកពាន។

លោក មាស ចាន់ណា លើកឡើងថា៖«ការប្រកួត Top-4 ឬ ៦ប្រកួតចុងក្រោយ នៃពានរង្វាន់ Cambodian Premier League 2022 នេះ យើងត្រៀមបានល្អ ព្រោះយើងនៅមានអាទិភាពខ្ពស់ ក្នុងការដណ្ដើមពាន ។ ម្យ៉ាងខ្ញុំគិតថា ៦ប្រកួតនេះ ព្រះខ័នរាជស្វាយរៀង ក៏គាត់មិនអាចយកឈ្នះទាំង ៦ប្រកួតដែរ គាត់អាចនឹងស្មើ ឬចាញ់ ។ អ៊ីចឹងនេះជាឱកាសរបស់យើង ហើយគ្រប់ប្រកួត គឺសំខាន់ណាស់ សម្រាប់ក្រុមយើង ដើម្បីពង្រឹងលទ្ធភាពដណ្ដើមយកពានឲ្យបាន។ ពួកយើងត្រៀមបានយ៉ាងល្អ សម្រាប់ការប្រកួតវគ្គដ៏សំខាន់នេះ» ។

ដោយឡែកពាក់ព័ន្ធនឹងការត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិញ លោកបានពន្យល់បន្ថែមទៀតថា៖«គ្មានអ្វីដែលយើងត្រូវបែងចែកនោះទេ គឺយើងផ្ដោតអារម្មណ៍លើពានទាំងពីរ សម្រាប់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផង និងការប្រកួត Top-4 នៃលីគកំពូលផង បានន័យថា យើងត្រៀមបានល្អដូចគ្នា ព្រោះយើងចង់បានពានទាំងពីរតែម្ដង»។

ទន្ទឹមជាមួយគ្នាដែរ លោក មាស ចាន់ណា បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងទស្សនិកជនទាំងអស់ កុំភ្លេចចូលរួមទស្សនាការប្រកួតវគ្គដ៏សំខាន់នេះឲ្យបានច្រើនកុះករ ពិសេសអ្នកគាំទ្រក្លិបកីឡាបាល់ទាត់ វិសាខា ដើម្បីគាំទ្រ និងជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់កីឡាកររបស់វិសាខា ឆ្ពោះទៅរកកំណត់ត្រាថ្មី សម្រាប់ឆ្នាំ២០២២ នេះ។

គួរដឹងថា សម្រាប់ការប្រកួតបើកឆាកវគ្គ Top-4 នៃពានរង្វាន់ Cambodian Premier League 2022 ក្លិបបាល់ទាត់វិសាខា នឹងត្រូវប្រកួតជាមួយក្រុមភ្នំពេញក្រោន មុនគេ នាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃទី២៩ ខែតុលានេះ នៅកីឡដ្ឋាន Smart RSN ។ រីឯវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ក្លិបបាល់ទាត់វិសាខា នឹងត្រូវជួបក្រុមបឹងកេត នាថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ នៅទឹកដីក្លិបភ្នំពេញក្រោនដដែល៕

Share.