សិល្បៈ​អន្តរជាតិ៖ អ្នក​នាង​ Sahar Tabar ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «Zombie Angelina» កំពុង​តែ​ល្បី​នៅ​លើ​បណ្ដាញ​សង្គម​ ព្រោះ​តែ​ស្ត្រី​រូប​នេះ​បាន​បង្ហាញ​មុខមាត់​ពិត​ជា​លើក​ដំបូង​ក្រោយ​ត្រូវ​បាន​ដោះលែង​ចេញ​ពី​គុក​កាល​ពី​ឆ្នាំ​ ២០២០​កន្លង​ទៅ​។

អ្នក​នាង​ Fatemeh Khishvand បាន​ប្រើ​ប្រាស់​ឈ្មោះ​ Sahar Tabar នៅ​លើ​បណ្ដាញ​សង្គម​ Instagram ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១០​ឆ្នាំ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ​និង​ប្រមាថ​ចំពោះ​ព្រះ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៩​។

ស្ត្រី​អ៊ីរ៉ង់​រូប​នេះ​ចាប់​ផ្ដើម​មាន​ការ​ចាប់​អារម្មណ៍​ពី​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិកាល​ពី​ឆ្នាំ​ ២០១៧ ​នៅ​ពេល​ដែល​អ្នក​នាង​បាន​បង្ហោះ​រូប​ថត​មុខ​ឆ្អឹង​ខ្មោច​​ Zombie របស់​ខ្លួន​ ដែល​​មាន​សភាព​ស្រដៀង​ទៅ​នឹង​​កំពូល​តារា​សម្ដែង​ហូ​លី​វូដ​ លោក​ស្រី​ Angelina Jolie ។

ស្ត្រី​រូប​នេះ​ធ្លាប់​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​បញ្ចេញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ចំពោះ​បញ្ហា​នានា​ ដែល​ត្រូវ​គេ​ហៅ​ថា​អសីលធម៌​ដោយ​មន្ត្រី​ប៉ូលិស​សីលធម៌​ក្នុង​ប្រទេស​អ៊ីរ៉ង់​។ បន្ទាប់​ពីជាប់​ពន្ធនាគារ​ចំនួន​១៤​ខែ​ Sahar ត្រូវ​បាន​គេ​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​នៅ​ឆ្នាំ​២០២០។ ថ្មីៗ​នេះ​ Sahar បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​នៅ​​លើ​កញ្ចក់​ទូរទស្សន៍ ​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ​ ដោយបាន​បើក​មុខ​មាត់​ពិត​ឱ្យ​សាធារណជន​បាន​ឃើញ​។ មុខ​មាត់​ពិត​របស់​ស្ត្រី​រូប​នេះ​ ខុស​គ្នា​ដាច់​ស្រឡះ​ទៅ​នឹង​មុខ​ខ្មោច​ Zombie Angelina Jolie ដែល​អ្នក​នាង​បាន​តុប​តែ​ង​ឡើង​មក​។

រូបភាព​និង​វីដេអូ​ Sahar Tabar បង្ហាញ​មុខ​មាត់​ពិ​ត​នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​នោះ​កំពុង​តែ​ល្បីល្បាញ​យ៉ាង​ខ្លាំង​ ហើ​យត្រូវ​បាន​គេ​យក​ទៅ​ចែក​រំលែក​បន្ត​គ្នា​។ នៅ​ក្នុងបទ​សម្ភាសន៍​អ្នក​នាង​បាន​បង្ហើប​ថា​ រូបភាព​ដែល​ល្បីល្បាញ​ទាំង​នោះ​កើត​ចេញ​ពី​ Computer effect ហើយ​អ្វី​ដែល​អ្នក​គាំទ្រ​បាន​ឃើញ​នៅ​លើ​ Instagram គឺ​កើត​ចេញ​ ពី Computer effect ដែល​ប្រើប្រាស់​សម្រាប់​កែ​ទម្រង់​និង​បង្កើត​រូប​ភាព​ នេះ​បើ​តាម​អ្វី​ដែល​ស្ត្រី​រូប​នេះ​បាន​ប្រាប់​ទៅ​សារព័ត៌មាន​។

Sahar Tabar បាន​បង្ហើប​ឱ្យ​ដឹង​ថា​អ្នក​នាង​ ចង់​មាន​ឈ្មោះ​ល្បី​ល្បាញ​តាំង​ពី​នៅ​វ័យ​ក្មេង​មក​ម្ល៉េះ​ ហើយ​នៅ​ពេល​មើល​ឃើញ​ឱកាស​ថា​ នៅ​លើ​អនឡាញ​គឺ​ងាយស្រួលសម្រេច​គោលដៅ​របស់​ខ្លួន​។ វា​ងាយ​ស្រួល​ជាង​ធ្វើ​ជា​​តារា​ទៅ​ទៀត​។

ក្រោយ​ជាប់​ឃុំ​ឃាំង​ជាង​មួយ​ឆ្នាំ​នៅ​ក្នុង​មន្ទីរឃុំឃាំង​ នាង​បាន​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ចំពោះ​​ភាព​ល្បី​ល្បាញ​នៅ​លើ​បណ្ដាញ​សង្គម​។ អតីត​អ្នក​ទោស​រូប​នេះ​លែង​ចង់​ល្បី​លើ​ Instagram ទៀតហើយ​ ដោយ​នាង​បាន​លើក​ឡើង​ថា​ «ខ្ញុំ​ច្បាស់​ណាស់​ថា​ខ្ញុំ​នឹង​លែង​ដាក់​ App Instagram នៅ​លើ​ទូរសព្ទ​ខ្ញុំ​ទៀត​ហើយ​ យ៉ាង​ច្រើន​ទុក​ផេក​ប៉ុណ្ណោះ​»។

បើតាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ប្រាប់​ដល់​កាសែត​ The Sun ស្ត្រី​រូប​នេះ​មិ​នមាន​ចេតនា​តុបតែង​មុខមាត់​ Zombie ឱ្យ​ដូច​ទៅ​នឹង​ Angelina Jolie នោះ​ឡើយ​ ដោយ​អ្នក​នាង​គ្រាន់​តែ​ផ្លាស់ប្ដូរ​ Make up និង​ប្រើប្រាស់​ app ដើម្បី​កែ​រូប​ ជា​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​។

កេរ្តិ៍​ឈ្មោះ​ដែល​នាំ​មក​នូវ​ការ​អស់​សេរី​ភាព​ជាង​១​ឆ្នាំ​នេះ​ បាន​ធ្វើ​ឱ្យ​ Sahar Tabar និយាយ​ក្នុង​ការ​ផ្ដល់​សម្ភាសន៍​នោះ​ថា​ខ្លួន​ពិត​ជា​សោក​ស្ដាយ​ដែល​បាន​ចែក​រំលែក​រូប​ភាព​គួរ​ឱ្យ​ខ្លាច​ទាំង​នោះ​នៅ​លើ​ Social Media ។

«ម្ដាយ​ខ្ញុំ​​បាន​ប្រាប់​ឱ្យ​ខ្ញុំ​បញ្ឈប់​ទៅ​ ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ស្ដាប់​គាត់​។ ជួន​កាល​ពាក្យ​របស់​អ្នក​ដទៃ​ឬ​មិត្ត​ភក្ដិ​ អាច​សំខាន់​ចំពោះ​យើង​ជាង​ពាក្យ​សម្ដី​របស់​ឪពុក​ម្ដាយ​»

ប្រភព៖ nzherald, news18

Share.