លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ​បានបង្ហើបអំពី​ផែនការ​ចំនួន ២ ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលប្រទេស​កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត​។

ជុំវិញ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លោក Keisuke Honda ថ្លែងដូច្នេះ​ថា​៖«​វា​ពិតជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​យើង។ ពិត​ណាស់ យើង​នឹង​ព្យាយាម​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ តែ​ដូចដែល​អ្វី​ខ្ញុំ​បាន​និយាយ យើង​គួរតែ​យល់​ថា ការ​ប្រកួតប្រជែង​នេះ​វា​លំបាក​យ៉ាងណា ប៉ុន្ដែ​ពិត​ណាស់ អ្វី​ៗ​អាច​កើតឡើង មិន​ថា​ទល់​នឹង​ថៃ ឬ​វៀតណាម។ យើង​ប្រហែលជា​អាច​ឈ្នះ ទោះបីជា​មាន​ភាគរយ​តិច ដូច្នេះ​ហើយ​ទើប​បានជា​យើង​ព្យាយាម​បង្កើន​ភាគរយ ទោះបីជា​១​ភាគរយ ក៏​យើង​ត្រូវ​តែប្រឹង​»​។ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ជប៉ុន​រូប​នេះ បាន​លើក​ឡើង​ពី​ផែនការ​ទាំង​២​ថា​៖«​យើង​មាន​ផែនការ​២​ជាក់លាក់ ជា​ការ​ត្រៀម​សម្រាប់​ស៊ី​ហ្គេ​ម​។

១. គឺ​យើង​នឹង​រៀបចំ​ជំរំ​ហ្វឹកហាត់​ក្នុង និង​ក្រៅប្រទេស​មុន​ស៊ី​ហ្គេ​ម​ឆ្នាំ​ក្រោយ។ យើង​មាន​ពេល​ដើម្បី​អភិវឌ្ឍ​ជា​ក្រុម ទាំង​ផ្នែក​បច្ចេកទេស, កលល្បិច, កាយសម្បទា និងចិត្តសាស្រ្ត។

២. គឺ​ការ​ប្រើប្រាស់​កីឡាករ​លើស​អាយុ ពិត​ណាស់​ប្រទេស​ដទៃ​ប្រើប្រាស់​បែប​នេះ​ដែរ​។ ដូច្នេះយើង​នឹង​ជ្រើសរើស​កីឡាករ​ពិសេស​ៗ​ដែល​លើស​អាយុ​ទាំងនេះ​គឺជា​អ្វី​ដែល​យើង​កំពុង​ធ្វើ​»​។

យ៉ាងណាក៏ដោយ វាគ្រាន់តែជាការបង្ហើបខ្លះៗពីលោក Honda ប៉ុណ្ណោះ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ផ្លូវការទាំងស្រុងនោះទេ ខណៈដែលពេលនេះ លោក និងក្រុមការងារកំពុងតែផ្តោតអារម្មណ៍ខ្លាំងលើការរៀបចំក្រុមត្រៀមប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលនឹងចូលមកដល់នៅចុងខែធ្នូខាងមុខនេះ៕

លោក Honda ជួបជាមួយអ្នកសារព័ត៌មាន

Share.