សង្គ្រាម​រវាង Top Rapper របស់​កម្ពុជា​ប្រហែល​ជា​កើត​ឡើង​សារជាថ្មីទៀត​ហើយ​ នៅពេល​ដែល​ King of Flow វណ្ណដា បាន​ទម្លាក់​គ្រាប់​បែក​បរមាណូ​មួយ​គ្រាប់​យ៉ាង​ធំយប់​មិញ​ដោយ​ប្រើ​ចំណង​ជើង​ថា​ J+O II ដោយ​ក្នុង​បទ​ថ្មី​នេះ​អត្ថន័យ​ហាក់​ដៀល​ចំៗ​ទៅ​កំពូល​តារា​ចម្រៀង​ខ្ពស់​សង្ហា​ G- Devith បែប​មិន​​បណ្ដាក់​មាត់​ឬ​​បញ្ឆិត​បញ្ឆៀង​ទៀត​នោះ​ឡើយ​។

កាល​ពី​យប់​មិញ​នេះ​អនាគត​ប៉ាប៉ា G-Devith បាន​ចូលរួម​ជា​តារា​ចម្រៀង​កិត្តិយស​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុន​ទូរសព្ទ​ស្មាត រួម​ជាមួយ​នឹង​កំពូល​តារា​ចម្រៀងខ្មែរ និង​បរទេស​ជា​ច្រើន​ដួង​ទៀត​។ វត្តមាន​​តារា​ចម្រៀង​រូប​នេះ​នៅ​លើ​ឆាកប្រគំ​តន្ត្រី​ពិត​ជា​ទាក់ទាញ​បាន​នូវ​ចំណាប់​អារម្មណ៍​និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​ដែល​ទៅ​ទស្សនា​ផ្ទាល់​ និង​ទស្សនា​តាម​រយៈ​ការ​ Live ផ្ទាល់​នៅ​លើ​បណ្ដាញ​ Social Media។

ដោយ​ឡែក​ វណ្ណដា ដែល​មិន​ធ្លាប់​មាន​តម្រុយ​ថា​នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ ព្រោះ​តារា​រូប​នេះ​ទើប​តែ​មាន​បទ​ចម្រៀង​ថ្មី​ Featuring ជាមួយ​នឹង​ Rapper ថៃ OG Bobby «Bong» បែរជា​បង្ហោះ​បទ​ J+O II របស់​ខ្លួន​នៅ​លើ​ឆាណែល (Channel) វណ្ណដា-Vannda Official ទៅវិញ​។

មហាជន​ដែល​បាន​ស្ដាប់​បទ​ចម្រៀង​របស់​ Vannda បាន​វិភាគ​ថា​បទ​ J+O II គឺជា​បទ​ចម្រៀង​ដែល​​តារា​ចម្រៀង​មក​ពី​ដែនដី​តារា​សាគរ​រូប​នេះ​ ដៀល​ចំពោះ​អ្នក​ដែល​ធ្វើ​ឱ្យ​ចម្រៀង​របស់​ខ្លួន​បែក​ធ្លាយ​ចេញ​ទៅ​ក្រៅ​ និង​បាញ់​ត្រង់​ទៅ​​ G-Devith បែប​មិន​បញ្ឆិត​បញ្ឆៀង​ ដោយ​លើក​យក​អត្ថន័យ​ខ្លះ​ៗ​ពី​ក្នុង​ចម្រៀង​នោះ​មក​វិភាគ​ដូច​ជា​៖

«Why you so J+O នៅ​មិន​ទាន់ចប់​ Level ពួក​នោះ​​ដេក​ភ័យ​ ពេល​ដែលឃើញ​លេខខ្ញុំ​ស៊ីញ៉ូ តឱ្យ​​អ្នក​ឯង​បី​ ឱ្យ​អ្នក​ឯង​ស្ពៃ​ដូច​ក្នុង​មេក្រូ ស្ដាប់​ហើយ​បែក​ញើស​ កាន់​​ស្បែក​​ជើង​រត់​ចេញ​ពី​ស្ទីតយ៉ូ … ព្រោះ​តែ​រាល់ថ្ងៃ​ជួប​តែ​ពួក​អា​ក្លែងក្លាយ​ មាន​អាមួយ​លែងរាប់​ថា​ប្អូន​ស៊ីបាយ​បំបង់​បាយ …បទ​មិន​ទាន់​ចេញ​យក​ទៅ​ចែក​ចាយ​…បែក​ធ្លាយ​បទ​នេះ​ អញចាត់​ទុក​ថា​អញស៊យ … សុទ្ធតែ​ពួក​អា fake ពួក​អា Snake ពួន​ក្នុង​ស្មៅ…»

«អ្នក​ខ្លះ​ឮ​បទ​នេះ​បែក​ធ្លាយ​ ខឹង​ពេក​ធ្វើ​មួយ​អាល់ប៊ុម​ គេ​ថា​គេ​Top one Top ចុង​ភូមិ Top សហគម​ ពីរ​បី​ឆ្នាំ​ហើយ​នៅ​ឡើយ​តាមដាន​ជើង​ខ្ញុំ​ លុបនេះ​លុប​នោះ​ឆ្លៀត​​រត់​ទៅ​បួសតិច​ដោយ​សារ​ខ្ញុំ​ ហ៊ាន​លុប​ឆាណែល​ បទ​​ស្ដាប់​មិន​កើត រាក់​កំផែល​ ជិត​ធ្វើ​ឪគេ​ នៅ​ឡេឡឺ​ធ្វើ​ឡាឡា​ យក​បទ​ខ្ញុំ​បែក​មក​លេង​សើច​ តែ​ខ្ញុំ ​Send You to Hell…»

កន្លង​មក​នៅពេល​ដែល​ G-devith បាន​ចេញ​បទ​ចម្រៀង​របស់​ខ្លួន​គឺ​បទ​ «My Brother» ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​ មាន​អ្នក​វិភាគ​ខ្លះ​បាន​លើក​ឡើង​ថា​អត្ថន័យ​បង្កប់​ក្នុង​បទ​ចម្រៀង​នេះ​គឺ​សំដៅ​ទៅ​ដល់​វណ្ណដា ហើយ​បទ​ចម្រៀង​នេះ​​ដែរ​ក៏​ជា​ចម្រៀង​មួយ​​ដែល​តារា​ចម្រៀង​​ត្រូវ​បាន​គេ​ឱ្យ​រហស្សនាម​ថា​ King of Fast លើក​យក​មក​ច្រៀង​ឱ្យ​អ្នក​គាំទ្រ​គ្រប់​គ្នា​បាន​ស្ដាប់​និង​រាំ​លេង​កម្សាន្ត​ក្នុង​ការ​ប្រគំ​តន្ត្រី​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២២​ ម្សិលមិញ​នេះ​ផងដែរ​៕

ចុះ​ប្រិយមិត្ត​អ្នក​អាន​​របស់​ត្រយង​វិញ​ តើ​បាន​ស្ដាប់​បទ​ «My Brother» និង​បទ​ «J+O II» ហើយ​ឬនៅ? តើ​អ្នក​ទាំងអស់​គ្នា​យល់​ស្រប​ដូច​នឹង​អ្នក​វិភាគ​ដែល​បាន​លើក​ឡើងខាង​លើ​នេះ​ឬ​ទេ​?​

Share.