សិល្បៈ​អន្តរជាតិ​៖ នៅ​ពេល​នេះ​គ្រប់​ការ​ប្រគំ​តន្ត្រី​ កម្មវិធី​ ហាឡូវីន​ (Halloween) ​និង​កម្មវិធី​កម្សាន្ត​នានា​នៅ​កូរ៉េ​ ត្រូវ​បាន​រំសាយ​ចោល​ទាំង​អស់​ ក្រោយ​កើត​មាន​សោកនាដកម្ម​ជាន់​គ្នា​កើត​ឡើង​នៅ​តំបន់​ Itaewon។ ​នេះ​​បើ​តាម​ការ​ផ្សាយ​របស់​ billboard។

បន្ទាប់​ពី​កើត​មាន​សោកនាដកម្ម​បណ្ដាល​ឱ្យ​មនុស្ស​ជាង​ ១៥០​នាក់​ស្លាប់​ក្នុងហេតុការណ៍​មនុស្ស​ជាន់​គ្នា​ស្លាប់​ក្នុង​កម្មវិធី​ Halloween កាល​ពី​ចុង​សប្ដាហ៍​មុន​ ក្នុង​​ក្រុង​ សេអ៊ូល​ កម្មវិធី​តន្ត្រី​នានានិង​ការ​ចេញ​អាល់​ប៊ុម​ចម្រៀង​ថ្មី​ៗ​ ត្រូវ​បាន​លុប​ចោល​។

សារ​ព័ត៌មាន​ The New York Times បាន​​ផ្សាយ​ថា​ អាជ្ញាធរ​កូរ៉េ​នៅ​មិន​ទាន់​ដឹង​ច្បាស់លាស់​នៅ​ឡើយ​ទេ​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ឧប្បទ្ទវហេតុ​មនុស្ស​ជាន់​គ្នា​ស្លាប់​និង​របួស​។ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​ Yoon Sukyeol បាន​ប្រកាស​កាន់​ទុក្ខ​ទូទាំង​ប្រទេស​ក្រោយ​មាន​ហេតុ​ការណ៍​​ស្លាប់​មនុស្ស​យ៉ាង​ច្រើន​នេះ​ ​​រហូត​ដល់​ថ្ងៃ​សៅរ៍​ទី​៥ ខែ​វិច្ឆិកា​។

បន្ទាប់​ពី​ហេតុការណ៍​សោកនាដកម្ម​នេះ​ វិស័យ​ឧស្សាហកម្ម​តន្ត្រី​ K-pop បាន​ប្រកាស​លុប​ចោល​កាល​បរិច្ឆេទ​គ្រប់​កម្មវិធី​ទាំង​អស់ មិន​ថាជា​ការ​ប្រគំ​តន្ត្រី​ ឬ​ការ​ចេញ​អាល់ប៊ុម​ចម្រៀង​ថ្មីៗ​នោះ​ឡើយ​។ តារា​ចម្រៀង​និង​ក្រុម​ចម្រៀង​ដែល​បាន​ប្រកាស​លុប​ចោល​ការ​ប្រគំ​តន្ត្រី​, ការ​ប្រូម៉ូដ​ការងារ​សិល្បៈ,​ ជំនួប​ជាមួយ​​អ្នក​គាំទ្រ,​ ការ​Live stream នៅ​លើ​ប្រព័ន្ធ​អនឡាញ​, រូបភាព​ផ្សេង​ៗ ដោយ​ក្នុង​នោះ​ភាគ​ច្រើន​គឺមាន​ពាក់ព័ន្ធ​នឹង​បុណ្យ​ Halloween រួម​មាន​៖

BTS, Roy Kim, formis_9, Oh My Girl, Tomorrow X Together, Stray Kids, Park Jihoon, The Boyz, Yuju, DKZ, Wonho, ENHYPEN, StayC, aespa, P1Harmony, CRAVITY, EPEX, Kwon Eunbi, Kepler។

កម្មវិធី​ប្រគំ​តន្ត្រី​ 2022 Busan One Asian Festival ដែល​គ្រោង​ប្រគំ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា រួម​មាន​តារា​ចម្រៀង​ដូច​ជា​ Brave Girls, Golden Child, MAMAMOO, Pentagon, (G)I-DLE, AB6IX,WEi, និង LE SSERAFIM ក៏​បានលុប​ចោល​ដែរ​។

ផលិត​កម្ម​ SM Entertainment បាន​លុប​ចោល​សេចក្ដី​ប្រកាស​ពាក់ព័ន្ធ​នឹង​កម្មវិធី​ Halloween ដែល​មាន​ឈ្មោះ​ថា​ «SMTOWN WONDERLAND 2022» របស់​ខ្លួន​ចោល​ ដោយ​កម្មវិធី​នោះ​មាន​ Live Stream និង​ដើរលើ​កម្រាល​ព្រំ​ក្រហម​ ដោយ​តារា​ សិល្បករ​របស់​ខ្លួន​តុបតែង​ខ្លួន​តាម​បែប​ Halloween ផង​ដែរ​។

ដោយ​ឡែក​ផលិតកម្ម​ YG Entertainment និង​ផលិតកម្ម​ HYBE ក៏​បាន​ប្រកាស​លុប​ចោល​កម្មវិធី​នានា​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ដូច​គ្នា​ផងដែរ​។ ចំណែក​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​ជា​រៀងរាល់​សប្ដាហ៍​ដូច​ជា​ Inkigayo របស់​ទូរទស្សន៍​ SBS នៅ​ថ្ងៃ​ទី​៣០ និង​ The Show របស់​ទូរទស្សន៍​ខ្សែកាប​ SBSM ​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកាក៏​បាន​ប្រកាស​លុប​ចោល​ការ​ផ្សាយ​ផ្ទាល់​របស់​ខ្លួ​ន​ដូច​គ្នា​ដែរ​៕

ប្រភព៖ billboard

Share.