ម្ចាស់បទ «មិនអាចឃាត់ទេ» គឺលោក ម៉ម ពេជ្ជរិទ្ធ មានទម្លាយថា ដួង វិរៈសិទ្ធ មានទម្លាប់មួយ ជាតួឯកច្រៀងនៅកណ្ដាលគេ បើសិនបងប្អូនប្រុសទាំង៣នាក់សម្ដែងរួមគ្នា។ ម៉ម ពេជ្ជរិទ្ធ អះអាងទៀតថា ខ្លួនទទួលស្គាល់បងប្រុសមួយរូបនេះគឺជាតារាចម្រៀងមានសំឡេងពីរោះ ផ្អែម ស្រទន់ ជាងគេ។
មែនហើយ! ហ្វេនអ្នកគាំទ្រទាំងអស់ប្រាកដជាបានដឹងមកហើយ គ្រួសាររបស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ ទាំងលោកឪពុកអ្នកម្តាយ និង បងប្អូនប្រុស ២ នាក់ទៀត គឺសុទ្ធតែជាអ្នកសិល្បៈមានឈ្មោះបោះសំឡេងដូចគ្នា។ ម៉ម ពេជ្ជរិទ្ធ លើកឡើងថា ខ្លួនអាចចេះនិពន្ធបទចម្រៀងនិងលេងឧបករណ៍តន្ត្រីបាន នោះក៏ដោយសារបងប្រុសទាំង ២នាក់ជួយបង្ហាត់បង្រៀនតាំងពីតូច។ លោកក៏បានអះអាងទៀតថា លោកចេះនិពន្ធបទចម្រៀងបានពីរោះជាច្រើនបទក៏ព្រោះតែរៀនពី លោក ដួង វិរៈសិទ្ធ។
ពេជ្ជរិទ្ធ ទទួលស្គាល់ថា ក្នុងចំណោមបងប្អូនប្រុសទាំង៣នាក់ គឺមានតែលោក ដួង វិរៈសិទ្ធ ទេដែលមានទឹកដមសំឡេងក្រអួនក្រអៅពីរោះជាងគេ និងបានក្លាយជាតារាចម្រៀងមុនគេទៀតផង។ ពេជ្ជរិទ្ធ ថា បើមានឱកាសបានសម្ដែង ច្រៀង លេងតន្ត្រី ជាលក្ខណៈបងប្អូនប្រុសទាំង៣នាក់រួមគ្នាលើឆាកតែមួយ នោះលោកនឹងប្រុសច្បងក្លាយជាអ្នកលេងឧបករណ៍ភ្លេង ដោយមិនមានឱកាសច្រៀងទេ រីឯអ្នកចម្រៀងច្បាស់ណាស់គឺលោក ដួង វិរៈសិទ្ធ។ លោកថា លោកពេញចិត្តខ្លាំងណាស់បើមានឱកាសមួយនោះកើតឡើង។

កូនប្រុសពៅក្នុងគ្រួសារសិល្បៈត្រកូល ម៉ម រូបនេះបានអះអាងទៀតថា ដោយសារតែខ្លួននិងបងៗទាំង២នាក់ផ្សេងទៀតមានគោលដៅជីវិតផ្សេងៗគ្នា ហើយម្នាក់ៗស្វែងរកភាពជោគជ័យរៀងៗខ្លួន នេះហើយជាហេតុធ្វើឱ្យបងប្អូនទាំង ៣នាក់មិនអាចមានឱកាសច្រៀងរួមគ្នា ឬធ្វើការងារលើវិថីសិល្បៈចម្រៀងនេះរួមគ្នាបាន។ ជាក់ស្ដែង ពេជ្ជរិទ្ធ បានដុះពន្លកសិល្បៈចេញពីក្រុមចម្រៀង Small World Small Band លោក ដួង វិរៈសិទ្ធ ជាតារាចម្រៀងរបស់ Pleng Record ហើយលោក ម៉ម សំនៀង គឺជាកូនប្រុសច្បងដែលទេពកោសល្យផ្នែកសិល្បៈចម្រៀងបុរាណ ពិធីករអានព័ត៌មាន ជាដើម ។
ចូលអាន៖ ក្រោយបំបែកក្រុម ម៉ម ពេជ្ជរិទ្ធ តាំងគោលជំហរថ្មីធ្វើឱ្យអ្នកគាំទ្រស្រងេះស្រងោចចិត្តនឹកស្រណោះ«ក្រុមតូច»
សព្វថ្ងៃនេះ ម៉ម ពេជ្ជរិទ្ធ បានដើរលើវិថីសិល្បៈចម្រៀងជាតារាចម្រៀងឯករាជ ដោយមិនជ្រកក្រោមផលិតកម្មណាមួយនៅក្នុងស្រុក បន្ទាប់ពីលោកបានចែកផ្លូវគ្នាជាមួយក្រុមចម្រៀង Small World Small Band។ ពេជ្ជរិទ្ធ តាំងចិត្តថា លោកមានគោលជំហរក្នុងការផលិតបទចម្រៀង Original ពីរោះៗសម្រាប់បម្រើចិត្តមហាជន អ្នកគាំទ្រ តែលោកមិនព្រួយបារម្ភចំពោះការដើរលើវិថីសិល្បៈតែឯង ដោយមិនមានក្រុមដូចមុនទៀតឡើយ។ ទីផ្សារសិល្បៈរបស់ ពេជ្ជរិទ្ធ មានសន្ទុះខ្លាំងជាងមុន មានមុខចេញច្រៀងច្រើនកម្មវិធីតែម្ដង៕
សូមអាន៖ ម៉ម ពេជ្ជរិទ្ធ មុតមាំឈរលើវិថីចម្រៀងជាតារាទោលដោយមិនភ័យព្រួយ


ប្រភព៖ 3FUN
