លោក Zoran Gaji ប្រធាន​សហព័ន្ធ​បាល់ទះ​នៃ​ប្រទេស​ស៊ែប៊ី ក្នុង​​ទ្វីប​អឺរ៉ុប ត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងកីឡា ស៊ែប៊ី ខណៈ​បុរស​មាន​វ័យ ​៦៣​ឆ្នាំ​រូប​នេះ​ធ្លាប់​មាន​ថ្វីដៃ​ដ៏​ល្បី​លើការ​ដឹកនាំ​ក្រុម​កីឡា​បាល់ទះ ទាំង​ឈុត​បុរស និង​នារី លើ​ឆាក​អន្តរជាតិ​នានា។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ inside។

សម្រាប់​លោក Zoran Gaji បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​ប្រទេស​​ស៊ែប៊ី តាំង​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦​ ហើយ​លោក​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​បាល់ទះជម្រើសជាតិ​បុរស​របស់​នៃ​ប្រទេស​យូហ្គោស្លាវី ទៀត​ផង។ អ្វី​ដែរ​ជា​ចំណុច​លេច​ធ្លោរបស់​លោក​នោះគឺ ធ្លាប់​បាន​ដឹកនាំ​ក្រុម​បាល់​ទះនៃ​ប្រទេស​យូហ្គោស្លាវី ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ​២០០០ នៅ​ប្រទេស​អូស្រ្តាលី ហើយ​នៅ​ឆ្នាំ​បន្ទាប់​លោក​ដឹកនាំ​ក្រុម​បាល់ទះ​​បុរស​ជម្រើស​ជាតិ​ឆេក ឈ្នះ​ជើង​ឯក​ទ្វីប​អឺរ៉ុប ផង​ដែរ។

លោក Gaji ធ្លាប់​កាន់​តួនាទី​ជា​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​រុស្ស៊ី ក្នុងចន្លោះឆ្នាំ២០០៥ និង២០០៨ កាល​នោះ​ធ្លាប់​​ឈ្នះ​ជើង​ឯករង​ជើង​ឯកនៅទ្វីបអឺរ៉ុបក្នុងឆ្នាំ២០០៥ ក្នុង​ប្រទេស​អ៊ីតាលី។ យ៉ាងណាក្តី​ចាប់​តាំង​ពី​លោក​បាន​ជាប់​​ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​ស៊ែប៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ មក​​ ក្រុម​បាល់ទះ​នារី​របស់​ប្រទេស​ស៊ែប៊ី ឈ្នះ​មេដាយ​សំរឹទ្ធ ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ទីក្រុង​តូក្យូ និង​ឈ្នះ​មេដាយ​មាស​ជើង​ឯក​ពិភពលោក World Championship នៅ​ឆ្នាំ​២០១៨ និង២០២២ ព្រម​ទាំង​​ក្រុម​បាល់ទះ​បុរស ​និង​នារី​ទាំង​ពីរ​ឈុត ​គ្រង​តំណែង​ជើង​ឯក​ពាន​រង្វាន់ទ្វី ​អឺរ៉ុប​ក្នុង​ឆ្នាំ២០១៩ ទៀត​ផង។

នៅ​ក្នុង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២២ ថ្មីៗនេះ លោក Aleksandar Vučić ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ស៊ែប៊ី ហើយ​លោក​ស្រី Ana Brnabić ជាប់​ឈ្មោះ​ជា​នាយករដ្ឋមន្រ្តី ខណៈ​​២៥​ក្រសួង​​ អម​គណៈរដ្ឋមន្រ្តី ក៏​បាន​តែងតាំង​រួចរាល់​ហើយ​ដែរ ស្រប​ពេល​លោក Zoran Gajić ជាប់​ឈ្មោះ​ជា​រដ្ឋមន្រ្តី​ក្រសួង​កីឡា មក​ពី​គណបក្ស independent៕

ប្រែសម្រួល៖ សុន ភានុ

Share.