ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់តាមផ្លូវ បន្ទាប់ពីកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល កំពុងប្រដេញតាមចាប់ខ្លួន ព្រោះយុវជនខាងលើជាមុខសញ្ញាលួច កាច់កម៉ូតូ ស្រាប់តែមានបុរសម្នាក់ជិះរថយន្តសេរីទំនើប ជួយដេញស្ទាក់ ដកកាំភ្លើងបាញ់១គ្រាប់ ស្លាប់ជនសង្ស័យហើយ បន្ថែមល្បឿនបើកគេចទៅបាត់ បង្កឲ្យភ្ញាក់ផ្អើលកាកពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ១០១១ ក្បែរពេទ្យIU ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនដែលស្លាប់នោះ បើតាមអត្តសញ្ញាណប័ណ្ណនៅជាប់តាមខ្លួន មានឈ្មោះ រិទ្ធី ចិត្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានទីលំនៅកំណើត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ យុវជនខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-4729 ជាមធ្យោបាយ ។

តែបើតាមការបំភ្លឺពីសមត្ថកិច្ចខណ្ឌសែនសុខវិញ បានឲ្យដឹងថា យុវជនដែលស្លាប់នោះជាមុខសញ្ញា លួច កាច់សោកម៉ូតូ ខណៈដែលកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងតាមប្រមាញ់ដេញចាប់ខ្លួន ជិះរត់ដល់ចំណុចខាងលើ ស្រាប់តែមានបុរសម្នាក់ បើករថយន្តស៊េរីទំនើប ជួយស្ទាក់ ហើយដកកាំភ្លើងបាញ់មួយគ្រាប់ បណ្តាលឲ្យដួលស្លាប់ ហើយបន្ថែមល្បឿនបើករត់ទៅបាត់ បន្សល់ទុកសំបកគ្រាប់មួយគ្រាប់នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សពយុវជនខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការពិនិត្យកោសល្យវិច័យរួចដឹកយកទៅ តម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តស្រាវជ្រាវ ស្វែងរកសាច់ញាតិ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.