ភ្នំពេញ៖នៅថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមនុស្ស៣នាក់រួមមាន៖១.ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម ២.ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ឡាវ ៣.ឈ្មោះ លឹម កុយ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀននៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤និង១៥នាទី កម្លាំងជំនាញ (ក៧)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សាន សុខបាន នាយរងការិយាល័យ(ក៧) មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ សមត្ថកិច្ចបានស្រាវជ្រាវ បង្រ្កាប ករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មកកម្ពុជា នៅចំណុច ផ្លូវលេខ៥៣ ស្ថិតក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។លទ្ធផលសមត្ថកិច្ចឃាត់ជនសង្ស័យ០៣នាក់ និងដកហូតវត្ថុតាងចាប់យកបាន មេតំហ្វេតាមីន(ICE) ១៦០ដុំ ទម្ងន់ប្រមាណ១៦០គីឡូ ៕

អត្ថបទ៖ចតុមុខ

Share.