ភ្នំពេញ ៖ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បាញ់បោះសេរី (ព្រោះខឹងមិត្តភក្តិជំពាក់លុយមិនព្រមសង)។

ជនត្រូវចោទឈ្មោះ HSIEH HO TING ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាជនជាតិ ចិនតៃវ៉ាន់ មុខរបរ ពាណិជ្ជករ ស្នាក់នៅខុនដូមួយកន្លែងតាមបណ្តោយផ្លូវភ្លោះ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សូមជម្រាបថា កាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ មានករណីបាញ់បោះសេរីមួយបានកើតឡើង នៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត វីឌី វៃដា ផ្ទះលេខ ៤ ៥២ ផ្លូវ ៤៥៦ សង្លាត់ ទួលទំពុង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយជនជាតិចិនតៃវ៉ាន់ម្នាក់ ។ ក្រោយកើតហេតុកម្លាំងសមត្តកិច្ចនគរបាលមូលដ្ឋាន ខណ្ឌចំការមនបានចុះទៅដល់ និងឃាត់ខ្លួនជនសង្ស័យរូបនោះ រួមទាំងដកហូតវត្ថុតាងអាវុធខ្លី១ដើមម៉ាក GLOCK 30 ពណ៌ខ្មៅ បង់១ សំបកគ្រាប់៦ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងកាណុង១គ្រាប់ រួចបាននាំខ្លួនជនបង្កទៅកាន់ការិយាល័យជំនាញព្រហ្មទណ្ឌ នៃទីបញ្ជាការកង រាជអាវុធហត្ថរាជធានីភ្នំពេញ ។

បើតាមចម្លើយជនសង្ស័យដែលសមត្តកិច្ច បានដាក់ចូលទៅស្ថាប័នអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ បានឲ្យដឹងថា មុនកើតហេតុរូបគេ(HSIEH HO TING)បានទៅទារប្រាក់ពីមិត្តភក្តិម្នាក់ ជនជាតិចិនតៃវ៉ាន់ដូចគ្នា ជាបុគ្គលិកជួសជុលរថយន្តនៅយានដ្ឋានខាងលើនេះ ដែលជំពាក់រូបគេចំនួន ១៥ ០០០ ដុល្លារ ប្រមាណជាង៤ ខែកន្លងមកហើយ ហើយចេះតែគេចខ្លួនរហូត ។ លុះដល់នៅវេលាម៉ោងខាងលើ ខ្លួនបានតាមទៅឃើញមិត្តភក្តិម្នាក់នោះ ស្នាក់នៅក្នុងយានដ្ឋានជួសជុលរថយន្ត ហើយក៏បានហៅគេឲ្យចេញមកជួប ដើម្បីនិយាយដោះស្រាយគ្នារឿងជំពាក់ប្រាក់ តែមិត្តភក្តិនោះមិនព្រមចេញ ក៏កើតជាក្តីក្តៅក្រហាយទាញកាំភ្លើងបាញ់ឡើង លើចំនួន៦ គ្រាប់ ។ កាំភ្លើងខ្លី១ដើមដែលគេយកទៅបាញ់នោះ គឺជាកាំភ្លើងមិត្តភក្តិម្នាក់ទៀត ដែលគេផ្ញើទុកឲ្យការពារខ្លួន បន្ទាប់ពីមិត្តភក្តិនោះចេញទៅប្រទេសគេវិញ ៕

អត្ថបទ៖ចតុមុខ

Share.