ភ្នំពេញ ៖ សំណង់ក្លឹបកម្សាន្តមួយកន្លែង ខណៈដែលកំពុងសាងសង់ មិនទាន់រួចរាល់ផង ស្រាប់តែទុស្សេចរន្តភ្លើង ជាងផ្សារដែកខាងក្នុង បង្កជាអគ្គិភ័យឆាបឆេះគ្រឿងបំពាក់ខាងក្នុងក្លឹបអស់គ្មានសល់ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅពន្លត់ភ្លើង កាលពីវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្រុម៥ ក្នុងភូមិទួលកី សង្កាត់ភ្លើងភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សំណង់ក្លឹបខាងលើ មានម្ចាស់ឈ្មោះ ព្រំ សុវណ្ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយសំណង់ខាងលើ ជាប្រភេទបេតុង ប្រក់ស័ង្កសី ទំហំ១២ម៉ែត្រx២៤ម៉ែត្រ ម្ចាស់ទើបតែធ្វើច្បាប់សាងសង់ហើយបាន៣ថ្ងៃ ក៏ត្រូវអគ្គិភ័យឆាប់ឆេះ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា សំណង់ក្លឹបកម្សាន្តកំពុងតែសាងសង់បានប្រមាណ៧០ភាគរយហើយ ទើបតែបំពាក់គ្រឿងអេប៉ុង សាឡុង កៅអី ស្រាប់តែនៅរសៀលថ្ងៃនេះ ក្រុមជាងផ្សារដែកកំពុងធ្វើការងារខាងក្នុង ស្រាប់ តែទុស្សេ ឆេះអេប៉ុង រាលដល់ផ្ទៃខាងក្នុង បង្កឲ្យផ្សែងហុយខ្មួលទ្រលោម ផ្អើលអ្នកភូមិ សមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅពីបណ្តាអង្គភាព ជួយបាញ់ពន្លត់ភ្លើង ។

ក្នុងប្រតិបត្តិការខាងលើ រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៥គ្រឿង រថយន្តរបស់ស្នងការរាជធានីភ្នំពេញចំនួន៤គ្រឿង រថយន្តសង្ឃឹមថ្មី ចំនួន២គ្រឿង រថយន្តស្រាបៀរកម្ពុជា ចំនួន១គ្រឿង សរុបចំបួន១២គ្រឿង បានចេញទៅបាញ់ទឹកពន្លត់។

ក្នុងហេតុការណ៍នោះ ភ្លើងឆេះតែអេប៉ុង សាឡុង កៅអី និងសម្ភារៈជាងតែប៉ុណ្ណោះ មិនរាលដាលដល់ផ្ទះពលរដ្ឋ ហើយក៏មិនបង្កឲ្យអ្នកណារងរបួសដែរ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.