កណ្តាល ៖ ក្មេងប្រុស២នាក់បានស្លាប់ដោយសារលង់ទឹកស្រះក្នុងបរិវេណវត្ត លិចបាត់ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋ សមត្ថកិច្ច នាំគ្នាចុះរាវរកឃើញជាបន្តបន្ទាប់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងវត្តពោធិ៍សាត់ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្មេងរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ សុង ហ៊ួរអីន ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។ ទី២ ឈ្មោះ ពៅ រតនា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមអាជ្ញាធរបានឲ្យដឹងថា មុនកើតហេតុ ក្មេងប្រុសទាំង២នាក់ចុះលេងទឹកស្រះ ស្រាប់តែលង់លិចបាត់ក្នុងទឹក បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋ សមត្ថកិច្ច នាំគ្នាចុះរាវរកឃើញក្មេងម្នាក់ ហើយបន្តរាវរករហូតដល់វេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃដដែលទើបរកឃើញសពម្នាក់ទៀត ។

សពក្មេងរងគ្រោះ ក្រោយពីរាវរកឃើញ សមត្ថកិច្ចជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ÷ តាតុងសែនជ័យ

Share.