ស្វាយរៀង ៖ លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នង ត្រូវបានគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ខ្ទេចគ្មានសល់ ទាំងទ្រព្យសម្បត្តិ រថយន្តមួយគ្រឿង ស្លាប់ទាំងម្ចាស់ផ្ទះ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុច​ ភូមិស្វាយង៉ោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ ។

ផ្ទះទទួលរងភ្លើងឆេះមានទំហំ ៧ម៉ែត្រx១២ម៉ែត្រ​ ធ្វើអំពីឈើដំបូលប្រក់ក្បឿង បេតុងក្រោម មានម្ចាស់រងគ្រោះឈ្មោះ កៅ យ៉ាន ភេទ​ប្រុស អាយុ ៧០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកន្លែងកើតហេតុ ខាងលើ បានស្លាប់​បាត់បង់​ជីវិតក្នុងភ្នក់ភ្លើង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈខូចខាត ផ្ទះមួយខ្នង ,រថយន្តសាំយ៉ុង​១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AN-8794 ,ប្រាក់ចំនួន០១លានរៀល,ប្រាក់ដុល្លារចំនួន​១០០០​ដុល្លារ​ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។ក្នុងហេតុការណ៍ខាងលើ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ពន្លត់ភ្លើង ហើយបានរលត់ទៅវិញនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល ៕

អត្ថបទ÷ តាតុងសែនជ័យ

Share.