រថយន្តសេរីទំនើប ១គ្រឿងបើកបរគេចម៉ូតូបំពានគន្លងថ្មីបណ្តាលឲ្យធ្លាក់ប្រឡាយបណ្តាលឲ្យរបួសស្ត្រីជាអ្នកបើកបរម្នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត ១១:០០នាទី ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ត្រង់ចំណុចក្បែររង្វង់មូលនាងរំសាយសក់ ក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងឡើយគេបានឃើញរថយន្ត ១គ្រឿងធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ដល់ទីតាំងកើតហេតុបានប្រទះជាមួយម៉ូតូ ១គ្រឿងដែលឡើងជែងរថយន្ត ១គ្រឿងទៀតបំពានចូលគន្លងផ្លូវរបស់រថយន្តធ្វើឲ្យរថយន្តគេចចូលកៀនម្ខាងផ្លូវក៏រអិលធ្លាក់ចូលប្រឡាយតែម្តង។

ជនរងគ្រោះភាគីរថយន្តជាស្ត្រីសុំមិនផ្តល់ឈ្មោះ អាយុប្រហាក់ប្រហែលជាង ៤០ឆ្នាំ ត្រូវបានគេស្គាល់ថាជាឈ្មួញរកស៊ីមាន់ រងរបួសស្រាល បើកបររថយន្តម៉ាក Prius ពណ៌ស ។ ចំណែកភាគីខាងម៉ូតូបន្តាប់ពីកើតហេតុនោះបានបន្តដំណើរទៅបាត់។

ក្រោយកើតហេតុម្ចាស់រថយន្តរងគ្រោះបានទំនាក់ទំនងហៅឡានស្ទួចមកស្ទួចរថយន្តដែលរងការខូចខាតដើម្បីយកទៅជួសជុសខ្លួនឯង៕

អត្ថបទ៖ដំបងក្រញូង

Share.