ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលស្នាក់នៅក្នុងបន្ទប់តែម្នាក់ឯង ចៃដន្យជម្ងឺរើធ្វើទុក្ខ (ស្រឺត) បែជាទន់ដៃទន់ជើង សន្លប់ស្តូកស្តឹងស្ទើរតែគាំងបេះដូង បង្កឲ្យផ្អើលអ្នកជិតខាង ហៅក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបន្ទប់ជួល ក្នុងបុរីសែនមនោរ្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

អ្នកជម្ងឺមានឈ្មោះ អ៊ាវ ចាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅកន្លែងកើតហេតុ តែម្នាក់ឯង មានស្រុកកំណើត នៅភូមិស្វាយប្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា ខណៈដែលឃើញជនរងគ្រោះនៅក្នុងបន្ទប់បិទទ្វារជិត ហៅមិនឆ្លើយ មើលតាមប្រឡោះបង្អួចឃើញដេកស្តូក សង្ស័យនាំគ្នាគាស់ចូល មើលជាក់ស្តែង ត្រជាក់ចុងដៃ ចុងជើង សន្លប់ស្តូក ទើបផ្អើលឆោឡោ ស្នើសុំការអន្តរាគមន៍ពីក្រុមសង្គ្រោះរបស់អង្គភាព៧១១ ចុះទៅដល់ ពិនិត្យជាក់ស្តែង ជនរងគ្រោះមានជម្ងឺស្រឺត អាចបណ្តាលមកពី ជនរងគ្រោះ រំភើប រន្ធត់ខ្លាំងពេក ទើបបេះដូងដើរញាប់ ត្រជាក់ ចុងដៃ ចុង ជើង វិលមុខ ស្រវាំងភ្នែក រហូតដល់ដេកសន្លប់តែម្តង លុះនាំគ្នាម៉ាស្សា ធ្វើចលនា រឹតប្រេងខ្យល់ ទើបដឹងខ្លួនវិញ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.