ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាលួចម្នាក់បានស្លាប់ ដោយសារត្រូវគ្រាប់កាំភ្លើង គ្រាដែលកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងប្រដេញតាមចាប់ បន្ទាប់ពីបុរសម្នាក់ចុះពីលើរថយន្តឡិចសុីស៥៧០ ប្រដាប់ដោយកាំភ្លើងខ្លី ជួយស្ទាក់ឃាត់ បាញ់មួយគ្រាប់ ត្រូវជនសង្ស័យ ដួលស្លាប់ កាលពីវេលាម៉ោង១និង ៤០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្លូវ១៩៨២ កែងផ្លូវ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា បន្ទាប់ពីត្រូវរបួសហើយម៉ូតូរបស់ជនសង្ស័យបានបោលមួយខ្យល់ ទៅដល់ផ្លូវ១៩៧៨ ចំងាយជាង២០០ម៉ែត្រ ទើបដួលស្លាប់ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រីឯខ្មាន់កាំភ្លើងបើករថយន្តគេចទៅបាត់។ ស្រាប់តែដល់រសៀលថ្ងៃដដែល ខ្មាន់កាំភ្លើងបើករថយន្តចូលសារភាពនៅប៉ុស្តិ៍នគរបាលបឹងកក់១ ខណ្ឌទួលគោក ។

ជនសង្ស័យដែលស្លាប់មានឈ្មោះ រិទ្ធី ចិត្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ មានទីលំនៅកំណើត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ យុវជនខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-4729 ជាមធ្យោបាយ ។ ចំណែកខ្មាន់កាំភ្លើងត្រូវបានឃាត់ខ្លួន ឈ្មោះ សៅ សុខុន ភេទប្រុស អាយុ៤០ឆ្នាំ ជាមន្ត្រីយោធា ហើយក៏ជាជំនួយការលោកឧកញ៉ាម្នាក់ រួមជាមួយរថយន្តមួយគ្រឿង ម៉ាកឡិចសុីស Koro ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-7799 និងកាំភ្លើងខ្លីម៉ាកឡុក មួយដើម ។ រីឯមន្ត្រីនគរបាលម្នាក់ ជាកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនផងដែរ ។

តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល មួយក្រុមប្រដេញតាមជនសង្ស័យម្នាក់ខាងលើ ជាមុខសញ្ញា លួចគាស់ផ្ទះ កាច់កម៉ូតូ តាមផ្លូវ១៩៨៦ មុនពេទ្យIU ចូលទៅផ្លូវ១០១១។ ជនសង្ស័យជិះម៉ូតូស្កុបពី រត់ដល់ផ្លូវ១៩៨២ ស្រាប់តែបុរសឈ្មោះ សៅ សុខុន កំពុងបើករថយន្ត ៥៧០ ឮសូរ ឃើញគេកំពុងដេញចាប់ជនសង្ស័យក៏ឈប់រថយន្ត ចុះមក។ លុះដល់ពេលដែលជនសង្ស័យជិះម៉ូតូ បត់ត្រឡប់ក្រោយ បុរសរូបនោះផ្ទុះអាវុធមួយគ្រាប់ ជនសង្ស័យនៅតែនៅលើម៉ូតូបោលទៅមុខ រីឯក្រុមកម្លាំងប្រដេញ នៅដេញតាមបានចំងាយជាង២០០ម៉ែត្រ ដល់ផ្លូវ១៩៧៨ ក្នុងភូមិពោងពាយ ជនសង្ស័យដួលម៉ូតូ ដាច់ខ្យល់ស្លាប់ ទើបដឹងថា ត្រូវគ្រាប់កាំភ្លើង។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបត់ត្រឡប់មកកន្លែងផ្ទុះអាវុធវិញ ខ្មាន់កាំភ្លើងបើករថយន្តគេចទៅបាត់ ។

ក្រោយពីមានផ្ទះអាវុធក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញា ភ្លាមៗសមត្ថកិច្ចខណ្ឌសែនសុខបានចុះទៅឃាត់ខ្លួន មន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់ នាំទៅសាកសួរ ។ចំណែកសាកសព ក្រោយពិនិត្យកោសល្យវិច័យរួច ត្រូវបានដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រង់ចាំរកសាច់ញាតិ និងស្រាវជ្រាវរកជនផ្ទុះអាវុធ ស្រាប់តែដល់រសៀលថ្ងៃដដែល ជនបង្កការផ្ទុះអាវុធ បានបើករថយន្តឡិចសុីស ទៅចូលសារភាពនៅប៉ុស្តិ៍នគរបាល បឹងកក់ទី១ ខណ្ឌទួលគោក ។

ជុំវិញករណីខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ម្នាក់ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ម្នាក់ទៀត ជាខ្មាន់កាំភ្លើង ឈ្មោះ សៅ សុខុន ជាជំនួយការលោកឧកញ៉ាម្នាក់ ដើម្បីសាកសួរនិងបន្តនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.