ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនបាន ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នៅតាមផ្លូវ៦០ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យមានគ្នា៣នាក់ ដើរថ្មើរជើង បានហៅម៉ូតូកង់បីមួយគ្រឿង ឲ្យឈប់ ហើយប្រល្បិចតថ្លៃ ក្នុងរូបភាពម្នាក់តថ្លៃ ២នាក់ទៀតឆក់យកទូរស័ព្ទដៃ ដែលដាក់នៅពីមុខ បានសម្រេចហើយនាំគ្នារត់គេច។ពេលនោះម្ចាស់កង់៣ ស្រែកផ្អើលឆោឡោ រហូតដល់កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ល្បាតជួប ដេញចាប់ខ្លួនបានម្នាក់ ចំណែកបក្ខពួក២នាក់ទៀត យកទូរស័ព្ទរបស់ជនរងគ្រោះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ម្ចាស់ម៉ូតូកង់បីរងគ្រោះ បានបើកបន្តដំណើរចាកចេញទៅបាត់ ដោយមិនបានទៅដាក់ពាក្យបណ្តឹង ចំណែកជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួននាំទៅការិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទ៖តាតុង សែនជ័យ

Share.