បាត់ដំបង÷ មនុស្សប្រុសស្រីជាង ១០នាក់បាននាំខ្លួនទៅកាន់សាលាសង្កាត់ដើម្បីបន្តអប់រំណែនាំក្រោយផ្គើនមិនចូលរួមចោលសំរាមគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ។

កាលពីថ្ងៃទី ០៣ ខែវិច្ឆកា ថ្មីៗនេះអាជ្ញាធរសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានឆ្មក់នៅតាមគោលដៅគំនរសំរាម និងបាននាំខ្លួនបុគ្គលដែលយកសំរាមទៅបោះចោលគ្មានអនាម័យលើចិញ្ចើមផ្លូវបានចំនួន ១១នាក់មកកាន់សាលាសង្កាត់ដើម្បីណែនាំ និងថតរូបភាពបង្ហោះជាសាធារណ:ទុកជាការព្រមាន។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ០៤ ខែវិច្ឆកា ឆ្នាំ ២០២២នេះថា÷ មុនអាជ្ញាធរដែនដីចាត់វិធានការដោយមិនលើកលែងតាមផ្លូវច្បាប់នេះធ្វើឡើងក្រោយពេលដែលមន្ត្រីមូលដ្ឋានចុះផ្សព្វផ្សាយអប់រំ ណែនាំដដែលរាប់សិបឆ្នាំមកហើយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ទិសទីស្តីពីភាពចាំបាច់ក្នុងការឲ្យចូលរួមរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងយកទៅបោះចោលរប៉ាត់រប៉ាយគ្មានសណ្តាប់ធ្នាប់ បង្កក្លិនស្អុយប៉ះពាល់ដល់បរិសា្ថន អ្នកទេសចរណ៍យ៉ាងធ្ងន់ធ្ងរ។

វិធានការដំបូងលើបុគ្គលប្រុសស្រីទាំង ១១នាក់ដែលផ្គើនមិនចូលរួមគោរពតាមការណែនាំរបស់អាជ្ញាធរខាងលើ តម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឍប់ អប់រំណែនាំបន្ត និងចុងក្រោយថតរូបភាពបង្ហោះបញ្ចេញតាមបណ្តាញព័ត៌មានសង្គមទុកជាការព្រមាន។ ការសម្រេចអនុវត្តច្បាប់គ្រាដំបូងនេះនិងបន្តធ្វើទៅកាន់ទីតាំងដទៃទៀតដូចៗគ្នាទាំងអស់ជុំវិញភូមិសាស្ត្រក្រុងបាត់ដំបង៕

អត្ថបទ៖​ ដំបងក្រញូង

Share.