ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានជូនដំណឹងថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ក្រសួងការបរទេស បញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់កំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧។

នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន នឹងជួបសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានដទៃទៀត នឹងអញ្ជើញចូលរួមកម្មវិធីជំនួបដោយឡែកពីគ្នាជាមួយតំណាងនៃអន្តរសភាអាស៊ាន តំណាងនៃយុវជនអាស៊ាន និងតំណាងនៃក្រុមប្រឹក្សាអ្នកប្រឹក្សាធុរកិច្ចអាស៊ាន។

ថ្នាក់ដឹកនាំក៏នឹងចូលរួមក្នុងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលនឹងមានការអញ្ជើញចូលរួមពីប្រធានអង្គការអន្តរជាតិសំខាន់ៗមួយចំនួនផងដែរ។ ថ្នាក់ដឹកនាំនៃដៃគូសន្ទនាអាស៊ានមួយចំនួន ក៏រំពឹងថានឹងចូលរួមក្នុងកិច្ចសន្ទនានេះផងដែរ។

នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រគល់ញញួរប្រធានអាស៊ានជូនលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៉ី ជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ៕

Share.