​គណៈកម្មការ​វិន័យរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​(FFC) ​បានសម្រេច​ពិន័យក្លិបបាល់ទាត់ភ្នំពេញក្រោន យោងទៅតាមប្រការ៦៧ស្តីពី «ទំនួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ទស្សនិកជន» ត្រង់ចំណុចទី១ នៃក្រមវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីកើតមានការគប់ដបទឹកបរិសុទ្ធពីសំណាក់អ្នកគាំទ្រសំដៅមន្ត្រីការប្រកួតកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងមកថ្មីៗនេះ។

លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោនបានថ្លែងថាលោកមានការសោកស្តាយចំពោះហេតុការណ៍នេះហើយ ក្លិបមិនមានការគាំទ្រណាមួយទៅលើការប្រើប្រាស់សកម្មភាពដែលត្រូវបានចាត់ចូលជាអំពើហិង្សាឡើយ។

លោកបានបន្ថែមថា៖«ក្នុងការប្រកួតនីមួយៗអាចនឹងកើតមានឡើងនូវការសម្រេចចិត្តមិនល្អមួយចំនួន ប៉ុន្តែក្លិបនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍អភិវឌ្ឍន៍បាល់ទាត់កម្ពុជា និងគាំទ្រដល់សីលធម៌នៃការរស់នៅរបស់ប្រជាជនខ្មែរ ហេតុនេះរាល់អំពើហិង្សាទោះក្នុងទម្រង់ណាមួយក៏ដោយគឺមិនមែនជារឿងត្រឹមត្រូវនោះទេពោលគឺផ្ទុយទៅនឹងបទដ្ឋានគតិយុត្តិរបស់ FIFA និង AFC ថែមទៀតផង។ ជាពិសេសក្នុងករណីធ្ងន់ធ្ងរ ក្លិបអាចនឹងរងការពិន័យមិនឱ្យរៀបចំការប្រកួតឬមិនអនុញ្ញាត្តឱ្យទស្សនិកជនចូលទស្សនាជាដើម»។

លោកបានបញ្ជាក់ថា៖«ក្លិបតែងតែតវ៉ាតាមរយៈលិខិតឬតាមមធ្យោបាយផ្សេងៗទៅតាមបទដ្ឋានកំណត់ចំពោះការសម្រេចណាមួយដែលមានភាពមិនត្រឹមត្រូវឬមិនយុត្តិធម៌ក្នុងការប្រកួតរបស់យើង។ ជាថ្មីម្តងទៀត ខ្ញុំសូមឱ្យអ្នកគាំទ្រមេត្តាជៀសវាងនូវអំពើទាំងនេះហើយចូលរួមទាំងអស់គ្នាដើម្បីភាពជាវិជ្ជមាននៃវិស័យបាល់ទាត់ជាតិក៏ដូចជាបញ្ឈប់នូវអំពើហិង្សាទាំងឡាយទាំងនៅលើទីលានព្រមទាំងនៅក្នុងសហគមន៍​និងសង្គមជាតិយើងផងដែរ»។

ជាចុងក្រោយ លោក លី ហៀង បានលើកឡើងថា៖«ពិតណាស់ ទស្សនិកជនគឺជាធាតុផ្សំដ៏សំខាន់មិនអាចខ្វះបានសម្រាប់ក្លិបបាល់ទាត់នីមួយៗព្រោះអ្នកទាំងអស់គ្នាបានធ្វើឱ្យការប្រកួតមានភាពរស់រវើក និងទាក់ទាញកាន់តែខ្លាំង ជាក់ស្តែងកីឡដ្ឋាន Smart RSN ដែលជាមូលដ្ឋានរបស់ភ្នំពេញក្រោនតែងតែមានភាពកុះករនិងរីករាយគ្រប់ពេលដែលមានវត្តមានរបស់ទស្សនិកជាពិសេសអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់យើងនេះគឺជាអ្វីដែលយើងប្រាថ្នាចង់បាន ហេតុនេះ យើងគួរតែប្រើប្រាស់សំឡេងរបស់យើងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាហើយរួមគ្នាគាំទ្រនិងអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាក្នុងរូបភាពជាវិជ្ជមានតាមរយៈការផ្សារភ្ជាប់កីឡា និងសង្គមជាតិ»៕

Share.