អ្នកចាំទី​ កែវ សុខសិលា របស់​ក្រុម​វិសាខា ចាប់ផ្តើម​ពី Zero ទៅ​ជា Hero ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​ ២០២២ នេះ​នៃ​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ពោល​គឺ​ធ្វើ​ឱ្យ​របូត​គ្រាប់​បាល់​ដល់​ទៅ​២គ្រាប់ មុន ហើយ​ជា​អ្នក​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ នៅ​វិនាទី ចុងក្រោយ​នៃ​ម៉ោង​ប្រកួត​៩០នាទី​ពេញ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​អាជ្ញាកណ្តាល ជី សាមឌី។

គ្រាប់បាល់​ចុងក្រោយ​នេះ បាន​ចារ​ឈ្មោះ​ កែវ សុខសិលា ជាអ្នកចាំទី​រក​គ្រាប់​បាល់​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​រយៈពេល​១៦ឆ្នាំ​មក​នេះ។

ក្រៅ​ពី​ធ្លាប់​ឈ្នះ​ស្រោម​ដៃ​មាស​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៥ កីឡាករ កែវ សុខសិលា បាន​បង្កើត​កំណត់ត្រា​ថ្មី​​បន្ថែម​ទៀត​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ដោយ​ឈ្នះ​ស្រោម​ដៃ​មាស​​រហូត​ដល់​៣​លើក​ជាប់ៗគ្នា ដែល​មិន​ធ្លាប់​មាន​​អ្នកចាំទី​ណា ធ្វើបាន​ពី​មុន​មក​ទេ។ ពានរង្វាន់​ឯកត្តជន​នេះ កែវ សុខសិលា ឈ្នះ​៣​ឆ្នាំ​ជាប់ៗគ្នា ពោល​គឺ​ឆ្នាំ ​២០២០, ២០២១ និង ២០២២។

ពោលគឺនៅឆ្នាំ​២០២២ នេះ​វិសាខាឈ្នះ​គ្រប់ការ​ប្រកួត ខណ:អ្នកចាំទី កែវ សុខសិលា បិទមិនឲ្យគូប្រកួតទាត់ចូល២លើក និងរបូតគ្រាប់បាល់តែ៩គ្រាប់ប៉ុណ្ណោះ៖
*វគ្គ​១៦ក្រុម​ចុងក្រោយ
-ជើងទី១៖ សៀមរាប ០-៦ វិសាខា
-ជើង​ទី២៖ វិសាខា ៣-២ សៀមរាប
*វគ្គ​៨ក្រុម​ចុងក្រោយ
-ជើង​ទី១៖ Tiffy Army FC ១-៣ វិសាខា
-ជើង​ទី២៖ វិសាខា ៣-០ Tiffy Army FC
*វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ
-ជើង​ទី១៖ ភ្នំពេញក្រោន ១-២ វិសាខា
-ជើង​ទី២៖ វិសាខា ២-១ ភ្នំពេញក្រោន
*វគ្គ​ផ្ដាច់ព្រ័ត្រ
-បឹងកេត ២-២ វិសាខា (ថែម​ម៉ោង​១៥នាទី​ចំនួន​២លើក បឹងកេត ៣-៤ វិសាខា)។

ខណ:ក្រុម​បាល់ទាត់​វិសាខា បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៧ ហើយ​​ក្រុម​នេះ​បាន​ចូលរួម​លេង​​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១៨ រហូត​ដល់​បច្ចុប្បន្ន ខណៈ​អាយុកាល​របស់​ក្រុម​នេះ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ក្រុម​ផ្សេងៗ​ដែល​ធ្លាប់​គ្រងជើង​ឯក​ពានរង្វាន់​ដ៏​សំខាន់​ប្រចាំ​ប្រទេស​កម្ពុជា មួយ​នេះ។

ឆ្នាំ​២០១៨ វិសាខា ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦ក្រុម​ចុងក្រោយ បន្ទាប់​ពី​ចាញ់​ព្រះខ័នរាជស្វាយរៀង ទាំង​២​ជើង ដោយ​លទ្ធផល ២ទល់១។
-ឆ្នាំ​២០១៩ វិសាខា ឈ្នះ​​​មេដាយ​សំរឹទ្ធិ​ ស្ទួន ជាមួយ​ក្រុម​​បាល់ទាត់​ភ្នំពេញក្រោន ក្រោយ​ចាញ់​ក្រុម​បឹងកេត នៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល​​៤ទល់០។
-ឆ្នាំ​២០២០ ឈ្នះ​ជើង​ឯក
-ឆ្នាំ​២០២១ ឈ្នះ​ជើង​ឯក ព្រម​ទាំង​ទទួល​កៅអី​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup ដោយ​ស្វ័យ​ប្រវត្តិ​ទៀត​ផង
-ឆ្នាំ​២០២២ ឈ្នះ​ជើង​ឯក ក្នុង​កំណត់ត្រា​មិន​​ធ្លាប់​​ចាញ់​ទាល់​តែ​សោះ និង​ទាត់​បញ្ជូល​ទី​គូ​ប្រកួត​បាន​ច្រើន​គ្រាប់​ជាង​គេ​រហូត​ដល់​២៤គ្រាប់៕

Share.