ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ បាន​ប្រកាស​ណាត់​ក្រុម​បាល់ទាត់​ចំនួន២ ប្រកួត​មិត្តភាព​អន្តរជាតិ មុន​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់ 2022 AFF Championship ឬ AFF Mitsubishi Electric Cup 2022 នៅ​ចុង​ឆ្នាំ​២០២២ នេះ។

បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ ក្រុម​ជម្រើស​ជាតិ​បុរស​របស់​ខ្លួន​នឹង​ប្រកួត៖
-១១ ធ្នូ ២០២២ ថៃ ប៉ះ មីយ៉ាន់ម៉ា
-១៤ ធ្នូ ២០២២ ថៃ ប៉ះ តៃវ៉ាន់

ការ​ប្រកួត​ទាំង​២លើក​នេះ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Thammasat Stadium ក្នុង​ទីក្រុង Rangsit ខេត្ត Pathum Thani ដូចគ្នា ដោយ​​ចាប់​ដំណើរការ​វេលា​ម៉ោង​ ៨:៣០នាទី​យប់​តទៅ។

ក្នុង​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ ស្ថិត​នៅ​ក្នុង​ពូល A ជាមួយ​​ហ្វីលីពីន, ឥណ្ឌូណេស៊ី,​កម្ពុជា និង​ប្រ៊ុយណេ និង​ពូល B មាន​វៀតណាម, ម៉ាឡេស៊ី,​សិង្ហបុរី, មីយ៉ាន់ម៉ា និង​ឡាវ។ ការ​ប្រកួត​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​​២០ ខែ​ធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៣ ខាង​មុខ ដោយ​ប្រើរូបមន្ត​​រក​ក្រុម​ខ្លាំង​តាម​ពូល​នីមួយៗ​ចំនួន២ ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​ទៅ​ផ្តាច់ព្រ័ត្រ៕

Share.