ប្រទេសរុស្ស៊ីបានបញ្ជាឲ្យកងកម្លាំងរបស់ខ្លួនដកខ្លួនចេញពីទីក្រុង Kherson របស់អ៊ុយក្រែន ដែលជារដ្ឋធានីក្នុងតំបន់តែ ១គត់ ដែលកាន់កាប់ដោយកងទ័ពរបស់រុស្ស៊ីចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើមកាលពីចុងខែ កុម្ភៈ។ ខណៈរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov កំពុងមានវត្តមាននៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ កាលពីថ្ងៃ ពុធ បានពន្យល់ថា ខ្លួនចង់ចៀសវាងការបាត់បង់កងកម្លាំងរបស់ខ្លួន និង ជួយសង្រ្គោះជីវិតជនស៊ីវិល ដោយសម្រេចចិត្តដកកងទ័ពរបស់ខ្លួនចេញពីច្រាំងខាងស្ដាំនៃទន្លេ Dnieper រួមទាំងក្នុងតំបន់ Kherson ផងដែរ។

នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ ឧត្ដមសេនីយ៍ Sergei Surovikin បាននិយាយថា វាមិនអាចទៅរួចទេក្នុងការរក្សាទីក្រុង Kherson។ លោកឧត្ដមសេនីយ៍ Surovikin បានប្រាប់រដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu កាលពីថ្ងៃ ពុធ ថា ការវាយប្រហារជាបន្ដរបស់អ៊ុយក្រែនលើទំនប់វារីអគ្គិសនី Kakhovskaya នៅទន្លេ Dnieper អាចកាត់ផ្ដាច់កងទ័ពរុស្ស៊ីនៅតំបន់ Kherson ទាំងស្រុងបាន។

លោក Surovikin បានបន្ដថា «ខ្ញុំយល់ថា នេះជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្ដែក្នុងពេលជាមួយគ្នានេះ យើងនឹងរក្សានូវអ្វីដែលសំខាន់បំផុត គឺអាយុជីវិតទាហានរបស់យើង ហើយថែមទាំងរក្សាប្រសិទ្ធភាពប្រយុទ្ធរបស់ក្រុមកងកម្លាំងនៅក្នុងតំបន់ផងដែរ»។

ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu ក៏បានបន្ថែមលើការអត្ថាធិប្បាយនេះថា «ខ្ញុំយល់ស្របនឹងការសន្និដ្ឋាន និង សំណើររបស់លោកឧត្ដមសេនីយ៍ Surovikin។ សូមបន្ដដកទ័ពចេញ ហើយចាត់វិធានការទាំងអស់ដើម្បីផ្ទេរកម្លាំងឆ្លងកាត់ទន្លេ»។

សូមជម្រាបថា ការប្រកាសនេះបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីអនុប្រធានតំបន់ Kherson ដែលតែងតាំងដោយរុស្ស៊ីគឺ លោក Kirill Stremousov ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបានជំរុញឲ្យប្រជាជនជម្លៀសចេញពីតំបន់នេះអស់ជាច្រើនសប្ដាហ៍។

ថ្វីបើកងកម្លាំងរុស្ស៊ីបានដកទ័ពចេញពីតំបន់នេះយ៉ាងណាក្ដី ប្រទេសរុស្ស៊ីបានកាត់យកតំបន់ Kherson នេះកាលពីខែមុន បន្ទាប់ពីអ្នកស្រុកបានបោះឆ្នោតប្រជាមតិដើម្បីផ្ដាច់ខ្លួនចេញពីអ៊ុយក្រែន និង ស្វែងរកការចូលជាសមាជិករបស់ប្រទេសរុស្ស៊ី។ ប៉ុន្ដែទោះបីជារុស្ស៊ីខំធ្វើប្រជាមតិបែបនេះក៏ដោយ ក៏ទីក្រុង Kyiv បានច្រានចោលការបោះឆ្នោតនេះថា ជាការបោកប្រាស់ ហើយប្ដេជ្ញាប្រើកម្លាំងយោធាដណ្ដើមយកមកវិញនូវទឹកដីទាំងអស់ ដែលខ្លួនចាត់ទុកថា ស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន៕

ប្រភព៖ Aljazeera

Share.