នៅ​ថ្ងៃ​ពុធ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថ្មីៗនេះ សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​តែងតាំង​លោក Issara Sritaro ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ ក្រោម​អាយុ​២៣​ឆ្នាំ (U23) ហើយ​ក្នុង​នោះ​ក៏​តែងតាំង​លោក Yuthana Yimkarun ជា​អ្នកចាត់ការ​ទូទៅ​ក្រុម។

​លោក Issara Sritaro

ថ្នាក់ដឹកនាំ​របស់​ក្រុម U23 របស់​ថៃ នេះ​​មាន​ភារកិច្ច​ដឹកនាំ​ក្រុម​ចូលរួម​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ ការ​ប្រកួត​កីឡា​អាស៊ី Asian Games និង​ចូលរួម​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក 2024 Olympics នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖នាយករដ្ឋមន្រ្តីថៃ៖ បើ​បាល់ទាត់​មិន​ឈ្នះ​មេដាយ​មាស​ទាំង​២គ្រឿង​ពី​ស៊ីហ្គេម​នៅ​កម្ពុជា អ្នក​ណា​ទទួល​ខុសត្រូវ?

​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ថៃ លោក Issara Sritaro បាន​ជ្រើសរើស​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ថៃ Bumrung Boonprom និង​ខ្សែ​បម្រើ Krongpol Daoruang ជា​ជំនួយការ​គ្រូបង្វឹក ខណៈ​ Prasopchok Chokmao ជា​គ្រូ​អ្នកចាំទី។

លោក Issara Sritaro និងលោក Yuthana Yimkarun

លោក Issara Sritaro ដែល​ធ្លាប់​នាំ​ក្រុម U17 របស់​ថៃ ជោគជ័យ​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​ទៅ​បាន​បញ្ជាក់ថា៖«ខ្ញុំ​រីករាយ​ដែល​បាន​ត្រឡប់​មក​កាន់​កៅអី​ក្រុម​ជម្រើស​ជាតិ​ឡើង​វិញ។ គោលដៅ​របស់​សហព័ន្ធ ចង់​​ឱ្យ​យើង​ទៅ​ប្រកួត​កីឡា​អូឡាំពិក​ ឆ្នាំ​២០២៤ នៅ​ទីក្រុង​ប៉ារីស។ ដើម្បី​ឱ្យ​ដល់​គោលដៅ យើង​ត្រូវ​ប្រឹងប្រែង​គ្រប់​ព្រឹត្តិការណ៍​ដែល​ត្រូវ​ចូលរួម​ចាប់​ពី​ស៊ីហ្គេម ទៅ​ដល់ Asian Games ជាដើម»។

ក្រុម​ U23 ថៃ ធ្លាប់​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម រហូត​ដល់​ទៅ​៧លើក ខណៈ​ក្រុម​នេះ​តែងតែ​តំណាង​ឱ្យ​តំបន់​អាស៊ាន ចេញ​ទៅ​ប្រកួត​ជើង​ឯក​កម្រិត​ទ្វីប​អាស៊ី ជា​ប្រចាំ​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖កីឡាករម្នាក់​នៅ​លីគទី៣​​ថៃ ត្រូវ​​ក្លិប​បញ្ចប់កិច្ចសន្យាភ្លាមៗ ក្រោយ​​វាយគូប្រកួតដេរ២៤ថ្នេរ(វីដេអូ)

លោក​បាន​ដឹង​ពី​​បញ្ហា​ប្រឈម​របស់​សហព័ន្ធ ដែល​រងផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩ ជា​ពិសេស​បញ្ហា​ហិរញ្ញវត្ថុ។ «កាតព្វកិច្ច​ចម្បង​របស់​ខ្ញុំ​គឺ​មើល​ពី​តម្រូវការ​ចាំបាច់​នៅ​ក្នុង​ក្រុម។ ប៉ុន្តែ​ខ្ញុំ​នឹង​ជួយ​សម្របសម្រួល​ជាមួយ​ខាង​អ្នក​ឧបត្ថម្ភ និង​ក្លិប​ពាក់ព័ន្ធ​នានា»។ គ្រូ​បង្វឹក​​វ័យ​៤២​ឆ្នាំ​បន្ថែម។

ក្រុមការងារដឹកនាំក្រុម U23 ថៃ

ជា​កូន​អ្នក​ស្រុក Suphan Buri លោក Issara ធ្លាប់​​ជាប់​ជម្រើស​ជាតិ​ថៃ ឈុត​យុវជន U17 នៅ​ចន្លោះ​ឆ្នាំ​១៩៩៦-១៩៩៧ ហើយ​ក្រោយ​មក​ទៀត​ចាប់​ពី​ឆ្នាំ​២០១២ មក​លោក​បាន​វិវត្តន៍​ខ្លួន​ជា​គ្រូ​បង្វឹក ដោយ​ចូល​ដឹកនាំ​ក្រុម​នៅ​ក្នុង​ប្រទេស​ខ្លួន​ដូចជា Chainat Hornbill, Army United, Looktabfah, Buriram United B និង​ចុងក្រោយ​ឆ្នាំ​២០២១-២០២២ ថ្មីៗនេះ​លោក​ដឹកនាំ​ក្រុម PT Prachuap។

អត្ថបទពាក់ព័ន្ធ៖ថៃ ណាត់​មីយ៉ាន់ម៉ា និង​តៃវ៉ាន់ ប្រកួត​មិត្តភាព​អន្តរជាតិ​មុន​ចូលរួម​ពាន2022 AFF Championship

ចំណែក​ក្រុម​ជម្រើស​ជាតិ​ថៃ លោក​ធ្លាប់​​ជា​គ្រូ​ជំនួយ​ក្រុម U23 ថៃ ចន្លោះ​ឆ្នាំ​២០១៦-១៧ មុន​ទទួល​ឱកាស​ជា​​គ្រូ​បង្វឹក​ក្រុម U17 និង U19 របស់​ថៃ និង​បន្ត​ឡើង​ទៅ​ធ្វើ​ជា​គ្រូជំនួយ​ក្រុម​ឈុត​ធំ​ថៃ ទៀត​ផង៕

Share.