សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់ កម្ពុជា បាន​បញ្ជូន​ប្រតិភូ គ្រូ​បង្វឹក និង​កីឡាករ កីឡា​ការិនី ចំនួន​២៧​នាក់​ចេញ​ទៅ​ប្រកួត​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី លើក​ទី៤ (4th Asian Petanque Championship 2022) នៅ​រាជធានី​បាងកក ប្រទេស​ថៃ។

ក្រុមប៉េតង់កម្ពុជា មុនចេញដំណើរ

ការ​ប្រកួត​ជើង​ឯក​ទ្វីប​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈ​ក្រុម​កម្ពុជា បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ សប្ដាហ៍​នេះ។ មុន​ចេញ​ដំណើរ​ឯកឧត្តម សុខ សូកាន ប្រធាន​សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បាន​​ជួបសំណេះសំណាល​ និង​ផ្ដល់​ថវិកា​លើក​ទឹក​ចិត្ត ជូនដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ផង​ដែរ។

បើ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ​កម្ពុជា​មាន​កីឡាករ​កីឡា​ការិនី ចំនួន​២០នាក់ គ្រូ​បង្វឹក​៤ និង​ប្រតិភូ​ចំនួន​៣នាក់។ ចំណែក​វិញ្ញាសា​ដែល​ត្រូវ​ចូលរួម​ប្រកួត​មាន​ចំនួន​៦វិញ្ញាសា ដោយ​ក្នុង​នោះ​វិញ្ញាសា បុរស​៣នាក់​ទល់​៣នាក់, នារី​៣នាក់​ទល់​៣នាក់, បុរស​វាយ​យក​ពិន្ទុ, នារី​វាយ​យក​ពិន្ទុ, យុវជន​៣ទល់៣, យុវជន​វាយ​យក​ពិន្ទុ។

អ្វី​ដែល​ជា​ពិសេស​នោះ ដោយ​សារ​តែ​កាល​ពី​ការ​ប្រកួត​ជើង​ឯក​ទ្វីប​អាស៊ី​លើក​ទី៣ កន្លង​ទៅ កម្ពុជា​ជា​ម្ចាស់​មេដាយ​មាស​លើ​វិញ្ញាសា​បុរស​៣នាក់​ទល់៣នាក់ និង​យុវជន​៣នាក់ទល់៣នាក់ ដូច្នេះ​លើក​នេះ​កម្ពុជា មាន​សិទ្ធិ​បញ្ចូល​កីឡាករ​ចំនួន​២​ក្រុម​ក្នុង​វិញ្ញាសា​ទាំង​២​នេះ។

ក្រុមប៉េតង់ជួបប្រធានសហព័ន្ធមុនចេញដំណើរ

សូម​រំលឹក​ថា​ការ​ប្រកួត​ជើង​ឯក​ប៉េតង់​អាស៊ីលើកទី៣ ( The 3rd Asian Boules Sport Confederation Petanque Championship 2019) កន្លង​ទៅ​ ធ្វើ​ឡើង​នៅ​អំឡុង​ខែធ្នូ ឆ្នាំ២០១៩ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី សរុប​ចំនួន​១៨រូប។ ជា​លទ្ធផល​​នៅ​កាល​នោះ​កម្ពុជា ដណ្តើម​បាន​មេដាយ មាស៤ ប្រាក់១ និងសំរឹទ្ធិ១៕

Share.