ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ចាក់ពីលក្ខខណ្ឌចំនួន ៣ចំណុច សម្រាប់ការបន្ដការចរចាសន្តិភាពជាមួយរុស្ស៊ី ខណៈបានរិះគន់ការឆ្លើយតបជាអរិភាពរបស់ទីក្រុង មូស្គូ មកទល់ពេលនេះ ចំពោះសំណើររបស់លោកក្នុងការចរចា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK នាយប់ថ្ងៃ ពុធ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២២។

លោក Zelenskiy បាននិយាយនៅក្នុងសារវីដេអូមួយកាលពីថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះថា អ៊ុយក្រែនបានស្នើម្ដងហើយម្ដងទៀត នូវការចរចាសន្ដិភាព។ ប៉ុន្ដែលោបាននិយាយថា រុស្ស៊ីតែងតែឆ្លើយតបនឹងការវាយប្រហារភេរវកម្មថ្មីៗ ការបាញ់ផ្លោង ឬ ការគំរាមកំហែងជានិច្ច។

លោកបានបញ្ជាក់ថា លក្ខខណ្ឌទាំង ៣ចំណុច សម្រាប់ការចរចារួមមាន៖ «ការស្ដារបូរណភាពទឹកដី , សំណងសម្រាប់ការខូចខាតទាំងអស់ដែលបណ្ដាលមកពីសង្រ្គាម និង ការដាក់ទោសឧក្រិដ្ឋជនសង្រ្គាមគ្រប់រូប»។

ទន្ទឹមនោះ លេខាធិការក្រុមប្រឹក្សាសន្ដិសុខ និង ការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov ក៏បានបង្ហោះនៅលើបណ្ដាញសង្គម Twitter ថា បូរណភាពទឹកដីត្រូវតែស្ដារឡើងវិញ មុនពេលការចរចាណាមួយ។

សូមជម្រាបថា សង្រ្គាមរវាងរុស្ស៊ី និង អ៊ុយក្រែន បានអូសបន្លាយពេលជិត ៩ខែមកហើយ បន្ទាប់ពីបានផ្ទុះការឈ្លានពានមកលើទីក្រុង Kyiv កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ដើមឆ្នាំ ២០២២៕

ប្រភព៖ NHK

Share.