ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 របស់មេដឹកនាំពិភពលោកនៅកោះបាលីនាសប្ដាហ៍ក្រោយនោះទេ ដោយបញ្ជូនរដ្ឋមន្រ្តីការបរទេសខ្លួនទៅជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងដឹកនាំគណៈប្រតិភូរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលនេះ ដែលជាការប្រមូលផ្ដុំគ្នាលើកដំបូង នៃមេដឹកនាំរបស់បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតលើពិភពលោក ចាប់តាំងពីលោក ពូទីន បានចាប់ផ្ដើមសង្រ្គាមនៅអ៊ុយក្រែនកាលពីខែ កុម្ភៈ។

ស្ថានទូតរបស់ទីក្រុង មូស្គូ ក្នុងប្រទេស ឥណ្ឌូនេស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោក ពូទីន អាចនឹងចូលរួមប្រជុំតាមរយៈវីដេអូខល។ ខណៈមន្រ្តីរដ្ឋាភិបាលឥណ្ឌូនេស៊ី មុននេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក Lavrov នឹងតំណាងឲ្យលោក ពូទីន ហើយថា ប្រធានាធិបតីរុស្ស៊ីនឹងចូលរួមកិច្ចប្រជុំកំពូលមួយក្នុងចំណោមកិច្ចប្រជុំកំពូលនេះ។

ជុំវិញការបញ្ជាក់នេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅដើមសប្ដាហ៍នេះ បានប្រាប់កាសែត Financial Times ថា «លោកមានចំណាប់អារម្មណ៍ជាខ្លាំង នៅពេលដែលមេដឹកនាំរុស្ស៊ីនឹងរំលងការជួបជុំនេះ»។

កិច្ចប្រជុំកំពូល G20 ដែលប្រមូលផ្ដុំមេដឹកនាំនៃប្រទេសចំនួន ១៩ និង សហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងគ្របដណ្ដប់ដោយការដួលរលំនៃសង្រ្គាមអ៊ុយក្រែន ដែលបានជំរុញឲ្យមានការខ្វះខាតស្បៀងអាហារ និង ប្រេងឥន្ទនៈជាសកល។

យ៉ាងណាម៉ិញ ប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ បានច្រានចោលការអំពាវនាវរបស់បណ្ដាប្រទេសលោកខាងលិច និង អ៊ុយក្រែន ក្នុងការស្នើឲ្យដកប្រទេសរុស្ស៊ីចេញពីកិច្ចប្រជុំកំពូល G20 ដោយប្ដេជ្ញារក្សាអព្យាក្រឹតភាព និង បង្ហាញពីសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើសន្ដិសុខស្បៀងអាហារ និង ថាមពល។

ជាមួយគ្នា ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី បានសម្ដែងការសោកស្ដាយចំពោះភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ជុំវិញកិច្ចប្រជុំកំពូល ដែលលោកបាននិយាយថា នេះគឺជាវេទិកាដែលត្រូវបានគេសន្មត់ថា ផ្ដោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយមិនមែនមានន័យថាជា វេទិកានយោបាយនោះទេ។

ទន្ទឹមនោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរនោះ បាននិយាយកាលពីមុនថា លោកនឹងមិនចូលរួមទេ ប្រសិនបើ លោក ពូទីន ចូលរួមក្នុងការជួបជុំនោះដែរ។

ដោយឡែក ប្រធានាធិបតីចិន លោក Xi Jinping នឹង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដែលគេរំពឹងថា នឹងធ្វើដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល G20 ដែលរៀបចំឡើងនៅថ្ងៃទី ១៥ ដល់ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ៕

ប្រភព៖ Aljazeera

Share.