ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ​បានរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងបាញ់កាំជ្រួច នៅរមណីយដ្ឋានហ្លួងព្រះស្តេចកន ហើយនៅរដ្ឋបាលខេត្តត្បូងឃ្មុំក៏មានការប្រគុំតន្រ្តីខ្នាតធំ លយប្រទីប និងបាញ់កាំជ្រួចផងដែរ ដែលធ្វើឲ្យមានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សរុបប្រមាណ២៣៣,៩៨៦នាក់ ស្រី១៣៦,៧៧៥នាក់ ភ្ញៀវអន្តរជាតិក្នុងស្រុក០៩នាក់។ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានភ្ញៀវសរុប៣,៥០៨នាក់ មានការកើនឡើងចំនួន៦៥៧០.០៦ %។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា សម្រាប់ខេត្តត្បូងឃ្មុំ អំឡុងពេលព្រះពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែឆ្នាំនេះ ប្រជាពលរដ្ឋបានដើរកំសាន្តលេង នៅរមណីយដ្ឋានរួមមាន៥កន្លែង៖ ទី១.រមណីយដ្ឋានទឹកធ្លាក់ហោង មានភ្ញៀវសរុប១២០នាក់ ស្រី៦០នាក់។ ទី២.រមណីយដ្ឋានហ្លួងព្រះស្តេចកន (ប្រារព្ធពិធីអុំទូក បណ្តែតប្រទីប) មានភ្ញៀវសរុប៩៨,៧៦៥នាក់ ស្រី៥៣,៦៣៦នាក់ ភ្ញៀវអន្តរជាតិក្នុងស្រុក ០៨នាក់ ស្រី០៣នាក់។ ទី៣.តំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ និងទន្លេសិប្បនិម្មិត (មានការតាំងពិព័ណនិងប្រគុំតន្ត្រីខ្នាតធំ) មានភ្ញៀវសរុប១៣២,៥៦៧នាក់ ស្រី៨១,៧៧១នាក់។ ទី៤.រមណីយដ្ឋានព្រះធាតុបាស្រី និងរមណីយដ្ឋានកែច្នៃ មានភ្ញៀវសរុប២,១៧៤នាក់ ស្រី១,១២៣នាក់ ភ្ញៀវអន្តរជាតិ ០១នាក់។ ទី៥.រមណីយដ្ឋានភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ មានភ្ញៀវសរុប៣៦០នាក់ ស្រី១៨៥នាក់ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងនោះផងដែរ មន្រ្តីមន្ទីរទេសចរណ៍ក៏បានផ្សព្វផ្សាយនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ ។ហើយក៏បានផ្សព្វផ្សាយ ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ ។ នឹងបានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន។ ហើយក៏បានចងបដាផ្សព្វផ្សាយ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ក្នុងរមណីយដ្ឋានទេសចរណ៍។ ព្រមទាំងបានណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម ៕

អត្ថបទ៖ សាន វីឡែម


Share.