ក្លិបបាល់ទាត់វិសាខាបានបំបែកកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមក ពោលគឺចាប់តាំងពីពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ មកមានតែក្លិបបាល់ទាត់វិសាខាមួយប៉ុណ្ណោះដែលឈ្នះ៣ឆ្នាំជាប់ៗគ្នា នៅឆ្នាំ ២០២០,២០២១ និង២០២២។ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះក្រុមវិសាខា មិនចាញ់ទាល់តែសោះទាំង៣ឆ្នាំតែម្តង។
ឆ្នាំ២០២០ វិសាខា ឈ្នះជើងឯកជាលើកដំបូង
ក្រុមវិសាខា ដឹកនាំដោយលោកគ្រូបង្វឹក Colum Curtis ហើយលទ្ធផលនៃការប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំនេះមានដូចជា៖
*វគ្គ១៦ក្រុមចុងក្រោយ
-ជើងទី១៖ ត្បូងឃ្មុំ ១-៤ វិសាខា
-ជើងទី២៖ វិសាខា ៩-០ ត្បូងឃ្មុំ
*វគ្គ៨ក្រុមចុងក្រោយ
-ជើងទី១៖ បឹងកេត ១-១ វិសាខា
-ជើងទី២៖ វិសាខា ៣-៣ បឹងកេត (ប៉េណាំងទី វិសាខា ៤-៣ បឹងកេត)
*វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ
-ព្រៃវែង ១-១ វិសាខា (ប៉េណាំងទី ព្រៃវែង ៨-៩ វិសាខា)
*វគ្គផ្ដាច់ព្រ័ត្រ
-ណាហ្គាវើល ០-២ វិសាខា។
ឆ្នាំ២០២១ វិសាខា ឈ្នះជើងឯកជាលើកទី២
ពានរង្វាន់សម្តេចតេជោ លើកទី១៥ នេះក្រុមវិសាខា ដឹកនាំដោយលោកគ្រូបង្វឹក Akeeb Tunji Ayoyinka ក្នុងនាមជាគ្រូបង្គោលបណ្តោះអាសន្ន ក្រោយក្លិបចែកផ្លូវជាមួយលោក Colum Curtis ផងនិងពិភពលោករកការវាយប្រហារដោយជំងឺកូវីដ-១៩ ផ្ទុះខ្លាំងផង។ តែជាលទ្ធផលវិសាខា បន្តមិនប្រទះនឹងបរាជ័យទាល់តែសោះ រហូតឈ្នះជើងឯក។ លទ្ធផលទាំងអស់មាន៖
*វគ្គ១៦ក្រុមចុងក្រោយ
-វិសាខា ៨-០ បន្ទាយមានជ័យ
*វគ្គ៨ក្រុមចុងក្រោយ
-វិសាខា ៦-០ អាស៊ីអឺរ៉ុប
*វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ
-បឹងកេត ១-២ វិសាខា
*វគ្គផ្ដាច់ព្រ័ត្រ
–វិសាខា ២-២ ព្រះខ័នរាជស្វាយរៀង (ប៉េណាំងទី វិសាខា ៥-៤ ព្រះខ័នរាជស្វាយរៀង)។
ឆ្នាំ២០២២ វិសាខា ឈ្នះជើងឯកជាលើកទី៣
ក្រុមវិសាខា ឆ្នាំ២០២២ នេះដឹកនាំដោយលោក មាស ចាន់ណា ដែលជាបុគ្គលម្នាក់បង្ហាញមុខក្នុងពានរង្វាន់សម្តេចតេជោ ច្រើនដងជាងគេ ទាំងកាលជាកីឡាករផង និងអាជីពជាគ្រូបង្វឹកផង ពោលគឺរហូតដល់៨លើកឯណោះ។
ខុសពីរាល់លើក ក្រុមវិសាខា ឆ្នាំ២០២២ នេះឈ្នះគ្រប់ការប្រកួត ពោលគឺមិនដែលស្មើ ហើយបន្តឱ្យកាត់សេចក្តីដល់វគ្គប៉េណាំងទី ដូចប្រកួតខ្លាំងនៃ២ឆ្នាំកន្លងទៅនោះទេ។ លទ្ធផលសរុបមាន៖
*វគ្គ១៦ក្រុមចុងក្រោយ
-ជើងទី១៖ សៀមរាប ០-៦ វិសាខា
-ជើងទី២៖ វិសាខា ៣-២ សៀមរាប
*វគ្គ៨ក្រុមចុងក្រោយ
-ជើងទី១៖ Tiffy Army FC ១-៣ វិសាខា
-ជើងទី២៖ វិសាខា ៣-០ Tiffy Army FC
*វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ
-ជើងទី១៖ ភ្នំពេញក្រោន ១-២ វិសាខា
-ជើងទី២៖ វិសាខា ២-១ ភ្នំពេញក្រោន
*វគ្គផ្ដាច់ព្រ័ត្រ
-បឹងកេត ២-២ វិសាខា (ថែមម៉ោង១៥នាទីចំនួន២លើក បឹងកេត ៣-៤ វិសាខា)។
សរុបបញ្ជីឈ្មោះក្រុមដែលឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន តាំងពីបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៧ ដល់បច្ចុប្បន្ន មាន ព្រះខ័នរាជស្វាយរៀង ឈ្នះបាន ៤លើក វិសាខា និង Tiffy Army FC ឈ្នះបានម្នាក់៣លើកស្មើគ្នា ភ្នំពេញក្រោន ឈ្នះបាន២លើក ក្រៅពីនោះណាហ្គាវើល អគ្គស្នងការដ្ឋាននគរបាលជាតិ បឹងកេត ខេមរាកីឡា ឈ្នះបានម្នាក់១លើកដូចៗគ្នា៕