នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកនៅកម្ពុជាកាលពីថ្ងៃ ព្រសហស្បតិ៍ ទី ១០ ខែ វិច្ឆិកា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រាប់ពីកិច្ចពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីនៃប្រទេស កម្ពុជា និង បានបញ្ជាក់ពីបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេស អ៊ុយក្រែន និង រុស្ស៊ី។

លោក Kuleba បានលើកឡើងថា លោកជឿថានេះជាកិច្ចប្រជុំកំពូល ដែលកម្ពុជាត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងរវាងអាស៊ាន និង ប្រទេសមកពីផ្នែកផ្សេងៗលើពិភពលោក។ លោកថា ជាច្រើនឆ្នាំមកនេះ អ៊ុយក្រែនបានធ្វើការជាមួយអាស៊ាន ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការអាស៊ាន និង កសាងទំនាក់ទំនងថ្មីរវាងអ៊ុយក្រែន និង អាស៊ានក្នុងនាមសហគមន៍រដ្ឋ។

នៅពេលអ្នកកាសែតសួរថា តើលោក Kuleba រំពឹងអ្វីខ្លះ បន្ទាប់ពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ក្នុងបរិបទវិត្តិដូចដែលដឹងក្នុងតំបន់ និង ក្នុងពិភពលោក? លោក Kuleba បានឆ្លើយថា ខ្ញុំគិតថាមានបញ្ហាសំខាន់បំផុតចំនួន២ ដែលត្រូវដោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលនេះ ទី១ គឺ អាកប្បកិរិយារបស់ប្រទេសអាស៊ីអាគ្នេយ៍ចំពោះការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ហើយវាមិនមែនជាការជ្រើសរើសយកប្រទេសខាងណានោះទេ គឺត្រូវជ្រើសរើសរវាងល្អ និង អាក្រក់ គឺយើងនិយាយពីការគោរពព្រំដែន និង ច្បាប់អន្តរជាតិ។ លោកថា ប្រទេសភាគខាងត្បូងក្នុងតំបន់អាស៊ាន គឺមានសន្ដិភាពជាច្រើនឆ្នាំមកហើយ នេះជាសមិទ្ធផលមួយរបស់អាស៊ាន។ ដូច្នេះហើយ លោកមើលឃើញថា គ្មានហេតុផលអ្វីដែលសមាជិកអាស៊ានទាំងអស់មិនគួរឈរនៅខាងការគោរពច្បាប់អន្តរជាតិ ការគោរពព្រំដែន និង ការគោរពសន្ដិភាពនោះទេ។ នេះជាអ្វីគ្រប់យ៉ាងដែលអ៊ុយក្រែនការពារក្នុងសង្រ្គាមនាពេលនេះ។

លោក Kuleba បន្ដថា យើងកំពុងតស៊ូប្រឆាំងនឹងប្រទេសដែលមិនគោរពព្រំដែន ដែលជាជឿថា ខណៈដែលការវាយលុកអ្នកជិតខាង គឺជាអ្វីដែលនរណាម្នាក់អាចធ្វើបាន។ ខ្ញុំមានទំនុកចិត្តថា នេះមិនមែនជាអ្វីដែលបណ្ដាប្រទេសអាស៊ានចង់ឲ្យកើតឡើងនោះទេ ហើយបញ្ហាប្រឈមធំបំផុតទី២ ដែលត្រូវដោះស្រាយក្នុងកិច្ចប្រជុំកំពូលនេះគឺ វិធីជំរុញពាណិជ្ជកម្ម និង គ្រប់គ្រងតម្លៃម្ហូបអាហារនៅលើពិភពលោក។ ដូច្នេះបញ្ហាមួយដែលខ្ញុំកំពុងពិភាក្សានៅទីក្រុង ភ្នំពេញ គឺ របៀបជំរុញពាណិជ្ជកម្ម និង បង្កើតអាជីវកម្មបន្ថែមទៀតដល់ការតភ្ជាប់ពាណិជ្ជកម្មរវាងអ៊ុយក្រែន និង ប្រទេសអាស៊ាន ហលយជាការពិតណាស់ អ៊ុយក្រែននឹងនៅតែជាអ្នកធានាសន្ដិសុខស្បៀងអាហារពិភពលោក។ យើងត្រៀមខ្លួនរួចជាស្រេចទៅកាន់ប្រទេសនាំចេញគ្រាប់ធញ្ញជាតិរបស់យើង ប្រេងផ្កាឈូករ័ត្ន ពោត របស់យើងនឹងទៅកាន់ទីផ្សារពិភពលោក ដើម្បីប្រាកដថា តម្លៃនៅទាប ហើយប្រជាជនមិនទទួលរងពីភាពអត់ឃ្លាននោះទេ។

ប្រសិនបើរុស្ស៊ីឈប់លេងល្បែងបិទច្រកស្បៀងអាហារពិភពលោក ដោយការបង្កាច់បង្ខូចពិភពលោក និង រារាំងការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន នោះសន្ដិសុខស្បៀងអាហារនឹងត្រូវបានធានា ប៉ុន្ដែយើងត្រូវការកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្ញើសារទៅកាន់ប្រទេសរុស្ស៊ី ដែលហៅថា «ឈប់លេងល្បែងអត់ឃ្លានជាមួយពិភពលោក កុំរារាំងការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន»។

នៅពេលគេបានសួរលោក Kuleba ថា ហេតុអ្វីបានជាអ្នកគិតថា អាស៊ានមានសារៈសំខាន់សម្រាប់អ្នក? តើអ្នកកំពុងស្វែងរកអ្នកគាំទ្រសម្រាប់ប្រទេសរបស់អ្នកនៅក្នុងបញ្ហាសង្រ្គាមរវាងអ៊ុយក្រែន-រុស្ស៊ី មែនដែរឬទេ?

ភ្លាមនោះលោករដ្ឋមន្រ្តីការបរទេសរូបនេះបានឆ្លើយតបភ្លាមថា សម្រាប់ហេតុផលដូចគ្នា ហេតុអ្វីបានជាប្រទេសអាស៊ានជឿថា អ៊ុយក្រែន មានសារៈសំខាន់សម្រាប់ពួកគេដែរ? លោកបន្ដថា ដោយសារប្រទេសយើងជាប្រវត្តិសាស្រ្តមានទំនាក់ទំនងល្អជាមួយអាស៊ានទាំងអស់។ ពួកគេត្រូវបានផ្អែកលើការគោរពគ្នាទៅវិញទៅមកលើការលើកកម្ពស់ពាណិជ្ជកម្ម និង ទំនាក់ទំនងរវាងមនុស្សទៅមនុស្ស។

ទន្ទឹមនោះលោក Kuleba បានថ្លែងអំណរគុំចំពោះការទទួលស្វាគមន៍រូបលោកក្នុងការតាមដានការសន្ទនារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ប្រធានាធិបតី Zelensky របស់យើង។ លោក Kuleba បានកោតសរសើរនាយករដ្ឋមន្រ្តីនៃប្រទេស កម្ពុជា ជាមនុស្សសុច្ចរិត អព្យាក្រឹត្យ និង មានការយល់ដឹងជ្រៅជ្រះខ្លាំងមែនទែន។

ក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ប្រធានាធិបតីរបស់អ្នកកាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា យើងមិនអាចបញ្ឈប់សង្រ្គាមជាមួយសង្រ្គាមមួយទៀតបានទេ។ តើលោក Kuleba យល់យ៉ាងណាដែរចំពោះសេចក្ដីថ្លែងការណ៍នោះ?

ជុំវិញសេចក្ដីថ្លែងការណ៍នេះ ខ្ញុំបានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាកាលពីម្សិលម៉ិញអំពីបញ្ហាទាំងអស់នេះ ហើយលោកប្ដេជ្ញាចិត្ត ដើម្បីសន្ដិភាពដូចយើងដែរ ហើយយើងនៅអ៊ុយក្រែនត្រូវការសន្ដិភាពជាជាតិអ្នកដទៃ ហើយយើងក៏ចង់ឲ្យសង្រ្គាមនេះចប់ដែរ។ ហើយយើងនឹងបើកចំហជានិច្ចចំពោះគំនិតនៃការចរចារកដំណោះស្រាយដោយសន្ដិវិធីជាមួយរុស្ស៊ី។ ប៉ុន្ដែខ្ញុំសូមរំលឹកអ្នករាល់គ្នាថា នៅពេលដលអ៊ុយក្រែនសុំការចរចា រុស្ស៊ីតែងតែឆ្លើយតបដោយដាក់ឱសានវាទ។ ជាឧទាហរណ៍ ពួកគេ(ភាគីរុស្ស៊ី)នឹងនិយាយថា ទី១ ឈប់ការពារខ្លួន ហើយទទួលយកសមិទ្ធិផលទឹកដីរបស់យើងទាំងអស់នៅអ៊ុយក្រែន។ ទី២ រំសាយកងទ័ពរបស់អ្នក ដាក់អាវុធរបស់អ្នកទាំងអស់នៅក្នុងឃ្លាំង ហើយអនុញ្ញាតឲ្យកងទ័ពរុស្ស៊ីជាអ្នកគ្រប់គ្រងឃ្លាំងទាំងនេះវិញ។ អ៉ីចឹង តើបង្ហាញខ្ញុំបានទេ ថាតើប្រទេសណាមួយនៅលើពិភពលោក យល់ព្រមនឹងឱសានវាទបែបនេះ? ខ្ញុំថា គ្មានអ្នកណាយល់ព្រមទេ។ ជាការពិតយើងចង់បានសន្ដិភាព ប៉ុន្ដែមិនមានមានន័យថា ព្រមបំផ្លាញប្រទេសរបស់យើងតាមលក្ខខណ្ឌទាំងនេះទេ។ ដូច្នេះនៅពេលដែលនាយករដ្ឋមន្រ្តីកម្ពុជា និយាយថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមមួយផ្សេងទៀត យើងនឹងចែករំលែកវាបន្ដ ហើយនឹងចែករំលែករឿងនេះយ៉ាងពេញលេញ។ ភ្លាមៗ អ្នកសួរសំណួរបានឆ្លើយតបថា ពីព្រោះយើងមានបទពិសោធន៍។

លោក Kuleba បានឆ្លើយថា បាទច្បាស់ណាស់ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏យល់យ៉ាងស៊ីជម្រៅអំពីអ្វីដែលយលងកំពុងប្រឈមមុខដូចគ្នា ដោយសារប្រទេសកម្ពុជា បានជួបប្រទះនឹងស្ថានភាពស្រដៀងនេះខ្លាំងណាស់។ ប្រទេសរបស់អ្នកក៏ទទួលរងពីទំនាក់ទំនងមិនល្អជាមួយអ្នកជីតខាងដែរ ដូច្នេះប្រទេសរបស់អ្នកយល់ពីអ្វីដែលយើងកំពុងឆ្លងកាត់។ ប្រទេសរបស់យើងឈរដើម្បីសន្ដិភាព យើងចង់រស់នៅដោយសន្ដិភាព និង អភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងទាំងអស់ ដូច្នេះគ្មានអ្នកណាចង់បន្ដការប្រយុទ្ធគ្នាឡើយ។

អ្នកកាសែតបានសួរសំណួរបន្ដទៀតថា រហូមកដល់ពេលនេះ តើលោកអាចប្រាប់ព័ត៌មានថ្មីៗអំពីសញ្ញានៃការបើកការចរចារវាងប្រទេសទាំង២ ដែរឬទេ? ភ្លាមៗលោក Kuleba បានឆ្លើយថា ប្រសិនបើរុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលនៅពេលព្រឹក ពួកគេនឹងនិយាយអំពីការចរចានៅពេលល្ងាច។ ហើយប្រសិនបើពួកគេវាយប្រហារអ៊ុយក្រែន ដោយមីស៊ីលនៅពេលល្ងាច នោះពួកគេនឹងចាប់ផ្ដើមនិយាយអំពីការចរចានៅព្រឹកបន្ទាប់។ មួយរយៈនេះរុស្ស៊ីបានបាញ់មីស៊ីល និង ប្រើយន្ដហោះគ្មានមនុស្សបើក ​មកកម្ទេ​ចរោងចក្រផលិតថាមពលអគ្គិសនីរបស់អ៊ុយក្រែន គោលដៅរបស់ពួកគេគឺធ្វើឲ្យអ៊ុយក្រែនគ្មានអគ្គិសនីប្រើប្រាស់។ អ៊ុយក្រែនមិនដូចកម្ពុជាទេ យើងមានរដូវកាលផ្សេងៗគ្នា ហើយឥឡូវជិតដល់រដូវរងាហើយ វាពិតជាត្រជាក់ខ្លាំងណា ដូច្នេះអគ្គិសនីគឺពិតជាសំខាន់ណាស់សម្រាប់់យើង ព្រោះយើងមិនអាចបណ្ដោយឲ្យប្រជាជន ជនស៊ីវិល គ្មានអគ្គិសនីប្រើប្រាស់បាននោះទេ។

សូមជម្រាបថា ទាក់ទងនឹងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និង ប្រធានាធិបតីអ៊ុយក្រែន កាលពីកន្លងទៅថ្មីៗនេះ លោក Zelensky ក៏បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែនផងដែរ។ រដ្ឋមន្រ្តីការបរទេសបាននិយាយថា អ៊ុយក្រែនស្វាគមន៍សម្ដេចជានិច្ចប្រសិនបើសម្ដេចមានពេលទំនេរ ហើយប្រទេសអ៊ុយក្រែននឹងរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតាមកាលវិភាគដែលលោកអនុញ្ញាត៕

ប្រភព៖ កិច្ចសម្ភាសន៍ពិសេសរវាងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន និង អ្នកកាសែត BTV

Share.