ADB បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាពនានា ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង។

ការប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADBនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាមួយរវាងសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងភ្នំពេញ ដែលនៅក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងពីភាពជាដៃគូដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និង ADB ។

ក្នុងនោះ ឯកឧត្តម Masatsugu Asakawa បានអបអរសាទរចំពោះកម្ពុជាសម្រាប់ដំណើរការយ៉ាងរលូនក្នុងការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង ADB ក្នុងរយៈពេលជាង ៣០ឆ្នាំ មកនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ADB បានរក្សាការព្យាករណ៍របស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងកម្រិត ៥.៣ ភាគរយនៅឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករណ៍នៅឆ្នាំ ២០២៣ ពីក្នុងកម្រិត ៦.៥ ភាគរយ មកនៅត្រឹម ៦.២ ភាគរយ ដោយសារតែការចុះខ្សោយជាងមុននៃកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្រ្តភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤-២០២៨៕

Share.