ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីងពីង ដោយផ្ទាល់ជាលើកដំបូងនាថ្ងៃ ច័ន្ទ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះនៅប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីចូលកាន់តំណែងជាមួយនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក លើកោះតៃវ៉ាន់ បញ្ហាសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន និង មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅលើរបៀបវារៈរបស់លោក បៃដិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អាទិត្យ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២។

កិច្ចប្រជុំដោយផ្ទាល់ដែលរង់ចាំជាយូរមកហើយ កើតឡើងនៅពេលដែលទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ មេដឹកនាំទាំង២ នឹងជួបប្រជុំគ្នានៅលើកោះបាលីរបស់ប្រទេស ឥណ្ឌូនេស៊ី នៅមុនកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុមប្រទេស G20 ដែលប្រមូលផ្ដុំមេដឹកនាំនៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និង ការរីកចម្រើនផ្នែកសំខាន់ៗរបស់ពិភពលោក។

លោក បៃដិន ចូលទៅក្នុងកិច្ចប្រជុំនៅពីក្រោយការទទួលជ័យជម្នះក្នុងស្រុកដ៏សំខាន់មួយ ជាមួយនឹងក្រុមអ្នកប្រជាធិបតេយ្យដែលដណ្ដើមបានការគ្រប់គ្រងព្រឹទ្ធសភា ខណៈលោក ស៊ី ទទួលបានអាណត្តិទី៣ មិនធ្លាប់មានពីមុនមកក្នុងតំណែងកាលពីខែមុន។

លោក បៃដិន បានប្រាប់អ្នកសារព័ត៌មានក្នុងប្រទេស កម្ពុជា នាថ្ងៃ អាទិត្យ ថា «ខ្ញុំដឹងថាខ្ញុំកាន់តែរឹងមាំ ប៉ុន្ដែខ្ញុំមិនត្រូវការវាទេ។ ខ្ញុំស្គាល់លោក ស៊ី ជីងពីង ខ្ញុំបានចំណាយពេលជាមួយគាត់ច្រើនជាងមេដឹកនាំពិភពលោកផ្សេងទៀត»។ លោកបន្ដថា «ខ្ញុំតែងតែមានការពិភាក្សាដោយត្រង់ៗជាមួយលោក ស៊ី។ វាមិនដែលមានការគណនាខុសអំពី…កន្លែងដែលយើងម្នាក់ៗឈរនោះទេ»។

ថ្មីៗនេះ លោក បៃដិន បាននិយាយថា លោកមិនមានឆន្ទៈក្នុងការសម្បទានជាមូលដ្ឋានណាមួយនៅពេលលោកជួបលោក ស៊ី នោះទេ ហើយថា លោកចង់ឲ្យមេដឹកនាំទាំង២ ដាក់ចេញនូវ «បន្ទាត់ក្រហម» របស់ពួកគេ និង ដោះស្រាយតំបន់ជម្លោះ។

ជុំវិញកិច្ចប្រជុំនោះ សេតវិមាននិយាយថា ទំនងជាមិនទទួលបានលទ្ធផលជាក់ស្ដែងនោះទេ ហើយគ្មានសេចក្ដីថ្លែងការណ៍រួមត្រូវបានរំពឹងទុកនោះទេ ប៉ុន្ដែវាអាចជួយធ្វើឲ្យទំនាក់ទំនងមានស្ថិរភាព ដែលត្រូវបានសម្គាល់ដោយភាពតានតឹងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាជាច្រើនរាប់ចាប់ពី ហុងកុង និង តៃវ៉ាន់ រហូតដល់សមុទ្រចិនខាងត្បូង, ការអនុវត្តពាណិជ្ជកម្មដោយបង្ខិតបង្ខំ និង ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យារបស់ចិនជាដើម។

គួរជម្រាបថា លោក បៃដិន និង លោក ស៊ី ជីងពីង ធ្លាប់បានជជែកគ្នាតាមទូរស័ព្ទ ឬ តាមវីដេអូ ចំនួន៥ដង រួចមកហើយ ចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែ មករា ឆ្នាំ ២០២១ មក និង បានជួបគ្នាលើកចុងក្រោយបង្អស់ក្នុងអំឡុងរដ្ឋបាលលោក Obama។ ហើយទំនាក់ទំនងរបស់អាមេរិកជាមួយចិនមានកម្រិតទាប ជាពិសេសចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីខែ សីហា ដែលជាកោះតៃវ៉ាន់ត្រូវបានប្រទេសចិនចាត់ទុកជាទឹកដីរបស់ខ្លួន។

លោកស្រី Bonnie Glaser អ្នកជំនាញអាស៊ីនៅមូលនិធិ German Marshall Fund

យ៉ាងណាម៉ិញ លោកស្រី Bonnie Glaser អ្នកជំនាញអាស៊ីនៅមូលនិធិ German Marshall Fund បាននិយាយថា «ការប្រជុំដោយផ្ទាល់នេះ បង្ហាញពីឱកាសមួយដើម្បីកាត់បន្ថយភាពតានតឹង និង ស្វែងរកវិធីដើម្បីគ្រប់គ្រងការប្រកួតប្រជែង»៕

ប្រភព៖ CNA

Share.