នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេស កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ រយៈពេល ១ថ្ងៃ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងអាមេរិក និង អាស៊ាន ដោយបញ្ជាក់ពីការប្ដេជ្ញារបស់អាមេរិកសារជាថ្មីក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់អាមេរិកជាមួយអាស៊ានក្រោមយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋបាលលោកផ្ទាល់។

នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ លោក បៃដិន បានបើកកិច្ចប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបនេះ លោក បៃដិនបានថ្លែងអំណគុណលោក ហ៊ុន សែន ចំពោះការដឹកនាំរបស់លោកក្នុងពេលកម្ពុជាមានឋានៈជាប្រធានអាស៊ានប្ដូរវេន ដើម្បីដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ា និង ចំពោះការថ្លែងថ្កោលទោសលើសង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ។

លោក បៃដិន ក៏បានបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញារបស់អាមេរិកចំពោះប្រជាជនកម្ពុជា ​និង ការចងបានរបស់ពួកគេឲ្យប្រទេសមានភាពឯករាជ្យប្រជាធិបតេយ្យ និង រីកចម្រើន។

ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោកប្រធានាធិបតី ចូ បៃដិន និង ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេស ឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់ក្រុមបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 ជាទីកន្លែងដែលលោក បៃដិន ជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន។

យោងតាមការបង្ហោះរូបភាពលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកប្រធានាធិបតី ចូ បៃដិន បានបង្ហាញថា លោក នឹងទៅដល់កោះ បាលី ប្រទេស ឥណ្ឌូនេស៊ី នាវេលាម៉ោង ៩:៣០នាទីយប់ ថ្ងៃ អាទិត្យ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ៕

Share.