រដ្ឋមន្រ្តីមហាផ្ទៃ លោក Suleyman Soylu បាននិយាយនាថ្ងៃ ច័ន្ទ នេះថា ជនសង្ស័យម្នាក់ដែលបានបន្សល់ទុកគ្រាប់បែក បណ្ដាលឲ្យមានការផ្ទុះនៅលើផ្លូវដ៏មមាញឹកនៃទីក្រុង អ៉ីស្ដង់ប៊ុល ដ៏ធំរបស់ប្រទេស តួកគី ត្រូវបានចាប់ខ្លួនដោយប៉ូលីស នេះបើយោងតាមគណនី Twitter របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២។

មនុស្ស ៦នាក់ បានស្លាប់ និង ៨១នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃ អាទិត្យ នៅពេលដែលមានហេតុការណ៍ផ្ទុះមួយ បានកើតឡើងនៅលើផ្លូវថ្មើរជើង Istikal Avenue ដ៏មមាញឹកនៅកណ្ដាលទីក្រុង អ៉ីស្តង់ប៊ុល នៅក្នុងអ្វីដែលប្រធានាធិបតីតួកគី Tayip Erdogan បានហៅការវាយប្រហារដោយគ្រាប់បែកនេះថា «ក្លិនដូចភេរវកម្ម»។

មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្លូវថ្មើរជើង Istikal Avenue នេះ បន្ទាប់ពីមានការផ្ទុះ ខណៈរថយន្ដសង្រ្គោះបន្ទាន់ និង ប៉ូលីសបានចូលទៅជួយសង្រ្គោះ។

យោងតាមរូបភាពវីដេអូទទួលបានដោយទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញពីការផ្ទុះនៅម៉ោង ៤:១៣នាទីល្ងាច ខណៈមនុស្សជាច្រើននាក់បានដួលដេកពេញលើផ្លូវ។

ប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះនេះ អនុប្រធានានាធិបតី Fuat Oktay បានទៅមើលទីតាំងកើតហេតុដើម្បីកំណត់ចំនួនអ្នកស្លាប់ និង របួសចុងក្រោយបង្អស់ ហើយបានសន្យាថានឹងដោះស្រាយបញ្ហានេះឆាប់ៗ។

យ៉ាងណាម៉ិញ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ ខណៈរដ្ឋមន្រ្តីយុត្តិធម៌តួកគី លោក Bekir Bozdag បានប្រាប់ទូរទស្សន៍ A Haber របស់ប្រទេស តួកគី ថា ជនសង្ស័យជាស្ដ្រ្តីម្នាក់ ដោយនាងត្រូវបានគេសង្កេតឃើញអង្គុយនៅលើកៅអីមួយនៅលើផ្លូវ Istikal Avenue នោះអស់រយៈពេលជាង ៤០នាទី ហើយការផ្ទុះបានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីនាងក្រោកពីកៅអី។ យន្ដការនៃការបំផ្ទុះអាចជាការដាក់គ្រាប់បែកក្នុងកាបូប ឬ មាននរណាម្នាក់បំផ្ទុះពីចម្ងាយ។

គួរបញ្ជាក់ថា ទីក្រុង អ៉ីស្ដង់ប៊ុល និង ទីក្រុងផ្សេងទៀតនៅ តួកគី គឺជាគោលដៅនាពេលកន្លងមក ដោយពួកបំបែកខ្លួនឃឺដ ក្រុមសកម្មប្រយុទ្ធអ៉ីស្លាម និង ក្រុមផ្សេងទៀត រួមទាំងការវាយប្រហារជាបន្ដបន្ទាប់នៅក្នុងឆ្នាំ ២០១៥ និង ២០១៦៕

ប្រភព៖ CNA

Share.