សិល្បៈ​អន្តរជាតិ​៖ បើ​និយាយ​ពី​តារា​សម្ដែង​ស្រី​ចិន​ដែល​ល្បីល្បាញ​បំផុត​បច្ចុប្បន្ន​មាន​ដូច​ជា​ Dilraba Yangmi Bailu តែ​បើ​​និយាយ​ពី​តារា​សម្ដែង​វ័យ​ក្មេង​ដែល​មាន​ប្រជាប្រិយភាព​បំផុត​របស់​ចិន​ តំណែង​នេះ​គ្មាន​អ្នក​ណា​ផ្សេង​សម​នឹង​ទទួល​បាន​ក្រៅ​ពី​ Zao Lusi នោះ​ឡើយ​។

យុវតី​វ័យ​ក្មេង​ដែល​ឆក់​យក​បេះដូង​បុរសៗ​ទាំង​ចិន​និង​បរទេស​។ តារា​ស្រី​រូប​នេះ​មាន​សមិទ្ធិផល​សម្ដែង​ភាពយន្ត​ភាគ​ទាំង​បុរស​និ​ង​សម័យ​ជា​ច្រើន​រឿង​ សុទ្ធសឹងតែ​ជា​រឿង​ដែល​ពេញ​និយម​និង​មាន​ការ​គាំទ្រ​ខ្លាំង​។ ស្គាល់​ Zao Lusi យូរ​ហើយ​​ ប៉ុន្តែ​មិន​ទាន់​ច្បាស់ ​ថ្ងៃ​នេះ​សូម​បង្ហាញ​ជូ​នរឿង​រ៉ាវ​៥​យ៉ាង​ដែលធានា​ថា​ហ្វេន​នៅ​មិន​ធ្លាប់​ដឹង​ពី​តារា​ស្រី​រូប​នេះ​៖

​១. Zao lusi ធ្លាប់​ជា​តារា​សម្ដែង​ជួរ​ក្រោយ​ឬ​ហៅ​ដោយ​ងាយ​គឺ​តួ​បន្ទាប់​បន្សំ តួអមឆាក​ពីមុន​មក​។ នៅ​ក្នុង​ភាពយន្ត​ដំបូង​ដែល​នាង​សម្ដែង​កាល​ពី​ឆ្នាំ​២០១៨​ រឿង City of Rock កាល​ណោះ​នាង​សម្ដែង​ជា​តួអង្គ​គិលានុប្បដ្ឋាយិការ​។ ប៉ុន្តែ​ក្រោយ​ពី​នោះ​មិន​យូរ​ប៉ុន្មាន​នាង​ក៏​ទទួល​បាន​ឱកាស​សម្ដែង​ជា​តួរង​នៅ​ក្នុង​ភាពយន្ត​ភាគ​ Untouchable Lovers និង​ Cinderella Chef ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មួយ​ភាគ​ធំ​សួរ​នាំ​ពី​តារា​ស្រី​រូប​យ៉ាង​ខ្លាំង​ ហើយ​មិន​យូរ​ប៉ុន្មាន​ក្មេង​ស្រី​រូប​នេះ​ក៏​បាន​ហក់​មក​សម្ដែង​ជា​តួឯក​ស្រី​តាម​រយៈ​សមត្ថភាព​របស់​ខ្លួន​។

២. តើ​អ្នក​មាន​ដឹង​ដែរ​ទេ​ថា ​មុន​នឹង​ចាប់​ផ្ដើម​ជា​តារា​សម្ដែង​​អាជីព​ Zao Lusi ធ្លាប់​ល្បីល្បាញ​នៅ​លើ​បណ្ដាញ​អ៊ិនធឺណិត​ តាម​រយៈ​រូប​ភាព​ Selfie ជាមួយ​នឹង​ម៉ូដ​សក់​សេះ​ ដោយ​កាល​នោះ​ក្មេង​ៗ​ជា​ច្រើន​នាក់​បាន​ Copy យក​រូប​របស់​នាង​ទៅ​ប្រើ​ប្រាស់​ជា​រូប​ Profile នៅ​លើ​ QQ ដែល​ជា​ Platform ល្បីល្បាញ​នៅ​ចិន​សម្រាប់​ប្រើប្រាស់​បញ្ជូន​សារ វីដេអូ​និង​ Group Chat នៅ​លើ​អ៊ិន​ធឺណិត​។ ទោះ​ជា​កាល​ណោះ​ស្ថិត​ក្នុង​អំឡុង​សិក្សា​ថ្នាក់​វិទ្យាល័យ​មិន​មាន​ការ​ងារ​សម្ដែង​ តែ​នាង​ក៏​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​អាយដល​ដែល​ល្បីល្បាញ​មួយ​រូប​ផង​ដែរ​។

៣. Oh! My Emperor ឆ្នាំ​២០១៨ គឺជា​ភាពយន្ត​ភាគ​ដំបូង​ដែល​ស្រី​ស្រស់ Zao Lusi ក្ដាប់​បាន​ឱកាស​សម្ដែង​ជា​តួឯក​ស្រី​។ រឿង​នេះ​ល្បីល្បាញ​ណាស់​រក​បាន​ចំនួន​ទស្សនា​យ៉ាង​ច្រើន​មហាសាល​ធ្វើឱ្យ​នាង​ទទួល​បាន​រង្វាន់​ Golden Bud-The Third Network Film and Television Festival ឬ​ពាន​រង្វាន់​តារា​សម្ដែង​អនឡាញ​ដែល​មាន​សក្ដានុពល​បំផុត​។ ថែម​ពី​លើនោះ​ Zao Lusi ក៏​ទទួល​បាន​ពាន​រង្វាន់​អ្នក​សម្ដែង​ឆ្នើម​ពី​វេទិកា​ The 7th Wenrong Awards តាម​រយៈតួអង្គ​ដែល​នាង​សម្ដែង​ក្នុង​​ភាពយន្ត​ភាគ​រឿង The Romance of Tiger and Rose ដែល​សម្ដែង​ជា​គូ​នឹង​ Ding Yuxi កាល​ពី​ឆ្នាំ​២០២២។

៤.មិន​ត្រឹម​តែ​ការ​សម្ដែង​តែ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ Zao lusi ថែម​ទាំង​មាន​ទេពកោសល្យ​ផ្នែក​រាំ​និង​ច្រៀង​ មាន​ជា​ឧទាហរណ៍​ស្រាប់​ដូច​ជា​បទ​ចម្រៀង​​ It Seem to fall into the Sea of love ​ដែល​នាង​សម្ដែងក្នុង​រឿង Oh! My Emperor បទ​ចម្រៀង​ Love Brain Young Girl ពី​ភាពយន្ត​ Spring Flower, Autumn Moon និង​បទ​ចម្រៀង​គូ​ដែល​នាង​ច្រៀង​ជាមួយ​នឹង​ Alec Benjamin ក៏​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ​ផង​ដែរ។ ក្រៅ​ពី​នោះ​ Zao lusi ថែម​ទាំង​អាច​បាញ់​ធ្នូ ​​លេង​កីឡា​កាយ​សម្ព័ន្ធ​ និង​អាច​​លេង​តន្ត្រី​ចិន​បុរាណ​ដូច​ជា​ កូចើង​ថែម​ទៀត​។

៥.កាល​ពី​ឆ្នាំ​២០២១ Zao Lusi មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​តែ​ប៉ុណ្ណោះ​ទេ​ នាង​ថែម​ទាំង​បន្ថែម​អាជីព​ជា​អ្នក​ជំនួញ​ដោយ​ការ​បើក​ទ្វារ​ចូល​វិស័យ​តាម​រយៈ​ការ​បើក​ហាង​នំមាន​ឈ្មោះ​ថា​ Rosy Wylie នៅ​ខេត្ត​ ហើងទៀមក្នុង​ក្រុង​ចឺចៀង។ ហាង​របស់​នាង​មាន​លក់​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​ មាន​នំផ្អែម​តូច​ធំ និង​នំខេក​សម្រាប់ភ្ញៀវ​ ដោយ​មាន​នំ Canelé​ ដែល​នាង​ចូលចិត្ត​ជា​នំ​ពិសេស​ប្រចាំ​ហាង​ ដោយ​សារ​តែ​ចំណូល​ចិត្ត​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​នាង​ហៅខ្លួន​ឯង​ថា​ ខើឡូលី​ ថែម​ទៀតផង។


Share.