មហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់អាស៊ានលើកទី២៩ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វហ្វីតែលសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

ដែលសន្និបាតនេះបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និងថ្នាក់ដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ីអាគេ្នយ៍ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

មហាសន្និបាតនេះ ធ្វើឡើងដើម្បីពិនិត្យមើលនូវវឌ្ឍនៈភាពរបស់សហព័ន្ធតំបន់មួយនេះ និង បោះឆ្នោតប្រធាន អនុប្រធាន សមាជិកគណៈកម្មការប្រតិបត្តិមួយតំណែងសម្រាប់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) ព្រមទាំងសមាជិកក្រុមប្រឹក្សា៥រូប និងសមាជិកក្រុមប្រឹក្សាស្ត្រី១រូប។

ដោយមានការចូលរួមពីសំណាក់ប្រធាននិងតំណាងសមាជិកសហព័ន្ធបាល់ទាត់អាស៊ាន តំណាងសហព័ន្ធបាល់ទាត់ពិភពលោក​ FIFA អគ្គលេខាធិការរងសហព័ន្ធបាល់ទាត់ទ្វីបអាសុី, ប្រធានសហព័ន្ធបាល់ទាត់ជប៉ុន, ប្រធានសហព័ន្ធបាល់ទាត់អូស្រ្តាលី, អនុប្រធានសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត, អនុប្រធានសហព័ន្ធបាល់ទាត់សាធារណ:រដ្ឋប្រជាមានិតចិន, អគ្គលេខាធិការរងសហព័ន្ធបាល់ទាត់ចិនតៃបុិ, អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េ និងដៃគូពាណិជ្ជកម្មសហព័ន្ធកីឡាបាល់ទាត់អាស៊ាន។

ក្នុងនោះនាយឧត្តមសេនីយ៍ សៅ សុខា ចាត់ទុកថា៖«កាជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ជាលើកទី២ ក្នុងអាណត្តិឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ គឺជារឿងវិជ្ជាមាន ហើយជារឿងមោទកភាព ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ ហើយបន្ទាប់ពេល ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រជុំអាស៊ាន បានបញ្ចប់ទៅដោយជោគជ័យ។ នេះគឺជាការបង្ហាញនូវឌ្ឍនៈភាព នៃប្រទេសកម្ពុជា»។

ប្រធាន FFC បន្ថែមទៀតថា៖«សមាជិកនៃ AFF បានផ្ដល់ការជឿរជាក់ថា លោក ខៀវ សាម៉េត ធ្វើការយ៉ាងសុក្រិត យុត្តិធម៌ និងសមធម៌។ នោះ មានន័យថា ការដោះស្រាយដោយមិនលម្អៀង និងស្មើភាព ក្នុងនាមជាប្រធាន AFF មិនធ្វើសម្រាប់តែប្រទេសកម្ពុជានោះទេ ប៉ុន្ដែសម្រាប់ AFF និងការអភិវឌ្ឍវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើន។ បាល់ទាត់ មិនអាចកម្ពុជា ម្នាក់ឯងទៅប្រកួតបានទេ ប៉ុន្ដែត្រូវការអភិវឌ្ឍជាមួយគ្នា។ ដូចនេះ យើងត្រូវការឲ្យមានការសហការគ្នា។ ការធ្វើការស្មើរគ្នា គឺធ្វើឲ្យបាល់ទាត់កម្ពុជា មានការអភិវឌ្ឍ។ យើង ធ្វើការងារថ្ងៃនេះ គឺរំពឹងថាធ្វើល្អជាងថ្ងៃម្សិលមិញ»។

សម្រាប់ចុងឆ្នាំនេះ សហព័ន្ធក៏ត្រូវរៀបចំការប្រកួតបាល់ទាត់ AFF Mitsubishi Cup 2022 ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣៕

Share.